ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាប់ឃុំមានចំនួន ៣១.០០៨នាក់ ធ្វើឲ្យណែនចង្អៀតនៅក្នុងពន្ធនាគារ ទូទាំងប្រទេស

80


ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង បានធ្វើលិខិតដាក់សំណើ រាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន ចំពោះបញ្ហាណែនចង្អៀត នៅក្នុងពន្ធនាគារ បានធ្វើឱ្យមានការប្រឈមខ្លាំង ក្នុងការគ្រប់គ្រង ការអនុវត្តទោស ក៏ដូចជា ការអ​នុវត្តនីតិវិធីបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត ឱ្យស្របតាមច្បាប់កំណត់។

តាមរយៈចំណារមួយ នាថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានឯកភាព តាមសំណើរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ រៀបចំកិច្ចប្រជុំដោះស្រាយ ចំពោះបញ្ហាតឹងណែនចង្អៀត នៅក្នុងពន្ធនាគារ បន្ទាប់ពីចំនួនទណ្ឌិត នៅទូទាំងប្រទេស មានកំណើនកាន់តែច្រើនឡើង។

បើតាមសំណើរបស់ សម្តេចក្រឡាហោម ស ខេង កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ បានឱ្យដឹងថា មកទល់ពេលនេះ ស្ថានភាពពន្ធនាគារ មានភាពចង្អៀតណែន ស្ទើរគ្រប់ពន្ធនាគារទូទាំងប្រទេស ជាក់ស្តែងគិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ជនជាប់ឃុំមានចំនួនសរុប៣១.០០៨នាក់ ដែលក្នុងនោះ ជនជាប់ឃុំ ដែលស្ថិតនៅក្នុងនីតិវិធីតុលាការ មានរហូតដល់២២.២៩៥នាក់ ស្មើនឹង៧១,៩ភាគរយ ហើយលើសពីនេះ ជនជាប់ឃុំមួយចំនួន ពុំទាន់មានសាលក្រម ឬសាលដីកាស្ថាពរទេ ទោះបីតុលាការបានជំនុំជម្រះចប់សព្វគ្រប់ហើយក្តី។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ក៏ដូចជា រក្សាបាននូសន្តិសុខ សុវត្ថិភាព សុខុមាលភាពជនជាប់ឃុំ ពិសេសដើម្បីអនុវត្តស្របតាមបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ខ្ញុំសូមគោរពស្នើសុំគោលការណ៍ សម្តេចតេជោនាយករដ្ឋមន្រ្តី មេត្តាអនុញ្ញាតឱ្យខ្ញុំ ដឹកនាំកិច្ចប្រជុំអន្តរក្រសួងមួយ ពេលដែលមានសមាសភាពចូលរួម ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ប្រធានសាលាដំបូងរាជធានី ខេត្ត និងព្រះរាជអាជ្ញា នៃអយ្យការសាលាដំបូងរាជធានី ខេត្ត សំដៅពិនិត្យ ពិភាក្សា និងស្វែងរកដំណោះស្រាយ សមស្រប ក្នុងការជំរុញឱ្យសាលាក្តី គ្រប់ជាន់ថ្នាក់ ពន្លឿននីតិវិធីដោះស្រាយ សំណុំរឿង ព្រហ្មទណ្ឌ ឱ្យឈានដល់ការជំនុំជម្រះ ឱ្យបានឆាប់រហ័ស៕

អត្ថបទដែលជាប់ទាក់ទង