ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋនៅភូមិដើមគរ ស្នើឱ្យក្រុមហ៊ុន OCIC ពន្លឿនការអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាដីធ្លីឱ្យបានឆាប់

61


ភ្នំពេញ៖ពលរដ្ឋនៅភូមិដើមគរ ស្នើឱ្យក្រុមហ៊ុន OCIC ពន្លឿនការអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាដីធ្លីឱ្យបានឆាប់
ព្រោះការរស់នៅរបស់គាត់ប្រឈមនឹងបញ្ហាសុខភាព
ប្រជាពលរដ្ឋមកពីភូមិ សង្កាត់មួយចំនួន ក្នុងខណ្ឌ ជ្រោយចង្វារ បានស្នើឱ្យក្រុមហ៊ុន OCIC ពន្លឿនការអភិវឌ្ឍន៍ និង ដោះស្រាយបញ្ហាដីធ្លី ជាមួយពលរដ្ឋ ដែលមានលំនៅដ្ឋានជាប់ពាក់ព័ន្ធ ក្នុងតំបន់អភិវឌ្ឍន៍ ឱ្យបានឆាប់ ព្រោះបច្ចុប្បន្នពួកគាត់កំពុងប្រឈមនឹងបញ្ហាសុខភាព អនាម័យ និងបរិស្ថាន ក្នុងការរស់នៅ ដែលរងផលប៉ះពាល់ពីការអភិវឌ្ឍន៍នេះ ដូចជា ទឹកលិចផ្ទះសម្បែងជាប្រចាំ បន្ទាប់ពីក្រុមហ៊ុនបូមដីចាក់លុបតំបន់ត្រូវអភិវឌ្ឍន៍ មានដីខ្សាច់ហុចចូលផ្ទះ ចាន ឆ្នាំង ចំណីអាហារជារៀងរាល់ថ្ងៃ ហើយលំនៅដ្ឋានចាស់ៗមួយចំនួន មិនអាចជួសជុលបាន។

ជាមួយគ្នានោះដើម្បីឱ្យស្ថានភាពរស់នៅបានល្អប្រសើរជាងពេលបច្ចុប្បន្ន ប្រជាពលរដ្ឋទាំងនោះ បានស្នើឱ្យក្រុមហ៊ុនយកចិត្តទុកដាក់ពន្លឿនការអភិវឌ្ឍន៍ និងការដោះស្រាយផលប៉ះពាល់ដែលកំពុងកើតមានក្នុងមូលដ្ឋាន តាមរយៈ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី២ ដែលបានធ្វើនៅក្នុងតំបន់អភិវឌ្ឍន៍ក្រុមហ៊ុនOCIC ក្នុងខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី២៧ ខែ វិច្ឆិការ ឆ្នាំ២០១៨ក្រោមវត្តមានលោក ជួប ខុន និង លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា នៅក្នុងវេទិកានោះដែរ ក៏មានសំនួរ សំណើរ និង សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វានេះ រហូតដល់ទៅ១០ ដែលពួកគាត់បានលើកឡើងនូបកង្វល់ក៏ដូចជាបញ្ហាប្រឈមដែលកំពុងជួបប្រទះ ក្នុងការរស់នៅ ដែលក្នុងនោះ បានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធ ជួយសម្រួល និងដោះស្រាយ កង្វះខាត ផ្លូវ ទឹក ភ្លើង សម្រាប់ប្រើប្រាស់ ជួយពង្រឹងយន្តការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ទប់ស្កាត់អំពើចោរកម្ម គ្រឿងញៀន ដែលជាក្តីព្រួយបារម្មណ៍ ជាពិសេស ជួយពង្រឹងការគ្រប់គ្រង នៅតាមសាលារៀនរដ្ឋ ដែលកំពុងតែកើតមានឡើងវិញនូវ ការលក់ដូនំចំណី មិនមានអនាម័យ ការយកលុយពីសិស្ស ក្រោមហេតុផលបង្រៀនគួរក្នុងម៉ោងសិក្សា (បង្កើតសាលា ក្នុងសាលា) ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា បាននិងកំពុងលុបបំបាត់នៅក្នុងប្រទេសកម្ពុជា។
ទាក់ទិននិងសំណើរ ក៏ដូចជា សំណូមពរទាំងនោះ ត្រូវបាន លោក ហួត ហៃ ផ្តល់ជូនទៅតំណាងស្ថាប័ន ពាក់ព័ន្ធ ពន្យល់ ឆ្លើយតប នឹងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេល។ ចំណែកឯសំណើរមួយចំនួនទៀត ដែលពាក់ព័ន្ធនឹងការដោះស្រាយដោយផ្ទាល់ពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការកសាងហេដ្ឋារចនា សម្ព័ន្ធ ឯកឧត្តមនឹងធ្វើរបាយការដាក់ជូនអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យនិងសម្រេចដោះស្រាយជូន ក្នុងពេលខាងមុខ។
លោក អភិបាលរងបានសន្យានិងធានាថា នឹងនាំនូវសំណើរ នឹងសំណូមពររបស់ប្រជាពលរដ្ឋនៅថ្ងៃនេះ ទៅជូន ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យពិភាក្សារកលទ្ធភាពដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាននេះឱ្យបាន តាមរយៈការផ្តល់ជូននូវចម្លើយជាវិជ្ជាមាននាពេលដ៏ខ្លីខាងមុខនេះ៕


អត្ថបទដែលជាប់ទាក់ទង