រុស្ស៊ី រាយការណ៍ពីការរុលទៅមុខនៅអ៊ុយក្រែន ខណៈកំពុងទប់ទល់ការវាយលុកនៅភាគខាងលិចរុស្ស៊ី

ក្រុងមូស្គូ៖កងកម្លាំងរុស្ស៊ី នៅថ្ងៃចន្ទនេះបានរាយការណ៍ពីការទទួលបានជោគជ័យដ៏សំខាន់នៅភាគខាងកើតអ៊ុយក្រែន ក្នុងពេលដំណាលគ្នាដែលកំពុងទប់ទល់នឹងការវាយលុកថ្មីរបស់អ៊ុយក្រែននៅក្នុងតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៊ី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលរុស្ស៊ី ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា កងកម្លាំងរបស់ខ្លួនបានដណ្តើមយកទីក្រុង Kurakhove ដែលមានចម្ងាយ ៣២ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Pokrovsk ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់របស់អ៊ុយក្រែន។ ការដណ្តើមយក Kurakhove ដែលជាប់គាំងអស់រយៈពេលជាច្រើនសប្តាហ៍ ត្រូវបានគេមើលឃើញថា នឹងអាចឱ្យកងកម្លាំងរុស្ស៊ីពន្លឿនការរុលទៅមុខនៅក្នុងតំបន់ Donetsk របស់អ៊ុយក្រែន។ លើសពីនេះ រុស្ស៊ីក៏បានអះអាងថា បានកាន់កាប់ Dachenske ដែលជាការតាំងទីលំនៅមួយនៅចម្ងាយប្រាំម៉ាយពី Pokrovsk ផងដែរ។
ទន្ទឹម នឹង នេះ ការ ប្រយុទ្ធ គ្នា យ៉ាង ខ្លាំង ត្រូវ បាន រាយការណ៍ នៅ ក្នុង តំបន់ Kursk របស់ រុស្ស៊ី ជា កន្លែង ដែល អ៊ុយក្រែន បាន បើក ការ វាយលុក ថ្មី មួយ កាល ពី ថ្ងៃ អាទិត្យ។ រុស្ស៊ី អះអាង ថា បាន ទប់ស្កាត់ ការ វាយលុក នេះ និង បាន បំផ្លាញ កងកម្លាំង អ៊ុយក្រែន មួយ ចំនួន ធំ។ មេបញ្ជាការ ជាន់ ខ្ពស់ រុស្ស៊ី ម្នាក់ បាន ព្រមាន ពី លទ្ធភាព នៃ ការ វាយ ប្រហារ បន្ថែម ទៀត ពី ភាគី អ៊ុយក្រែន។
គួរបញ្ជាក់ថា ភាគី ទាំង ពីរ ត្រូវ បាន គេ មើល ឃើញ ថា កំពុង ព្យាយាម ពង្រឹង ជំហរ របស់ ខ្លួន នៅ លើ សមរភូមិ មុន ពេល ប្រធានាធិបតី ជាប់ ឆ្នោត របស់ សហរដ្ឋអាមេរិក ចូល កាន់ តំណែង នៅ ខែ មករានេះ។ ការ កាន់កាប់ ទឹកដី មួយ ចំនួន នៅ ក្នុង តំបន់ Kursk ត្រូវ បាន គេ រំពឹង ថា នឹង ផ្តល់ អានុភាព ដល់ អ៊ុយក្រែន ក្នុង ការ ចរចា សន្តិភាព ដែល អាច កើត មាន នា ពេល អនាគត៕