ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីកសិកម្ម ស្នើឲ្យគ្រប់អង្គភាពនីមួយៗ ត្រូវចេះទទួលខុសត្រូវ លើការបាត់បង់ទ្រព្យសម្បត្តិរដ្ឋ

81


ភ្នំពេញ៖ លោករដ្ឋមន្រ្តីកសិកម្ម បានបញ្ជាក់ថា ប្រធានបទស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ គឺមានសារសំខាន់ ក្នុងន័យឲ្យអង្គភាពនីមួយៗ ត្រូវចេះទទួលខុសត្រូវ លើការបាត់បង់ទ្រព្យសម្បត្តិរដ្ឋ និងត្រូវចូលរួមយកចិត្តទុកដាក់ មើលថែរក្សាទ្រព្យសម្បត្តិរដ្ឋឲ្យបានគង់វង្សល្អ ក្នុងការពង្រឹងអភិបាលកិច្ចល្អ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអសកម្ម និងគោរពនីតិរដ្ឋ ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល។

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ លោករដ្ឋមន្រ្តី វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណង៖ ១- ផ្តល់ឱកាសឲ្យមន្រ្តីជំនាញស្វែងយល់ ដកស្រង់យកបទពិសោធន៍ពីគ្នាទៅវិញទៅមក វិភាគអំពីចំណុចខ្លាំងចំណុចខ្សោយ បញ្ហាប្រឈម នៅក្នុងការអនុវត្តកម្មវិធី កែទម្រង់ប្រព័ន្ធត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ សម្រាប់ជាធាតុចូលក្នុងការពង្រឹងការងារអនុវត្ត និងកែលម្អនីតិវិធីធ្វើអធិការកិច្ច ឲ្យបានល្អប្រសើរសម្រាប់វិស័យកសិកម្ម។ ២- ចូលរួមចំណែកអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្ត នៃការកសាងធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាព របស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងអភិបាលកិច្ចល្អ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអសកម្ម និងគោរពនីតិរដ្ឋក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្រ្តី បានលើកឡើងថា អង្គភាពត្រូវអនុវត្តគោលការណ៍ យន្តការ ឬនីតិវិធីដើម្បីធ្វើការគ្រប់គ្រង ប្រើប្រាស់ និងថែរក្សាឲ្យបានល្អ ហើយនេះជាភារកិច្ចដ៏ចាំបាច់ ដែលប្រធានអង្គភាពនីមួយៗ ត្រូវចងចាំ ដោយអនុលោមតាមស្មារតី នៃអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្តីពីវិធាននិងនីតិវិធី នៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ ដែលក្នុងនោះមានជាអាទិ៍៖ ១- ការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរបស់រដ្ឋ ២-ការជួលទ្រព្យសម្បត្តិរបស់រដ្ឋ ៣- ការលក់ទ្រព្យសម្បត្តិរបស់រដ្ឋ និង៤- ការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។
ឆ្លៀយយកឱកាសដ៏មានតម្លៃនេះ លោករដ្ឋមន្រ្តី បានធ្វើការណែនាំដល់ ប្រធានគ្រប់អង្គភាព ឲ្យយកចិត្តទុកដាក់ក្នុងភាពទទួលខុសត្រូវខ្ពស់ អនុវត្តនូវចំណុចគន្លឹះមួយចំនួន ដូចខាងក្រោម៖ ទី១- ត្រូវណែនាំ និងជំរុញការគ្រប់គ្រង បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមនីតិវិធី លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងស្មារតីទទួលខុសត្រូវ។ ត្រូវត្រួតពិនិត្យ និងវាយតម្លៃពីភាពត្រឹមត្រូវនៃការរៀបចំ និងកត់ត្រាបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ព្រមទាំងជម្រះចេញពីបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ នូវទ្រព្យសម្បត្តិចាស់ទ្រុឌទ្រោម ប្រើប្រាស់លែងកើត ដោយអនុលោមតាម បទប្បញ្ញត្តិគតិយុត្តជាធរមាន ហើយត្រូវជំរុញការធ្វើវិញ្ញាបនបត្រ សម្គាស់ម្ចាស់អចលនវត្ថុ ឬ ប័ណ្ណសម្គាស់សិទ្ធិកាន់កាប់អចលនវត្ថុរបស់រដ្ឋ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពនីមួយៗ។ ទី២- ត្រូវធ្វើសវនកម្មលើការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ទី៣- រៀបចំសៀវភៅបញ្ជីសារពើភណ្ឌឆ្នាំគោល កត់ត្រាលម្អិតនូវទ្រព្យសម្បត្តិរដ្ឋទាំងអស់ជាចលនទ្រព្យ និងអចលនទ្រព្យស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាព ដែលត្រូវធ្វើឡើងក្នុងរយៈពេល៥ឆ្នាំម្តង ហៅថា ឆ្នាំគោល។ ទី៤- អង្គភាពត្រូវបំពេញបែបបទចុះបញ្ជីអចលនទ្រព្យ និងស្នើសុំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ និងអចលនទ្រព្យទាំងអស់មកក្រសួងដើម្បីស្នើទៅក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយត្រូវរៀបចំធ្វើតារាងបច្ចុប្បន្នភាពបញ្ជីជួលទ្រព្យសម្បត្តិរដ្ឋ សម្បទានដីសេដ្ឋកិច្ច សម្បទានដីសង្គមកិច្ច និងសម្បទានទ្រព្យសម្បត្តិរដ្ឋដទៃទៀត។ ទី៥- រាល់ពេលគម្រោងនីមួយៗត្រូវបានបញ្ចប់ ស្នើឯកឧត្តម លោក លោកស្រីប្រធានគ្រប់អង្គភាពគ្រប់គ្រងគម្រោងទាំងអស់ សហការជាមួយអង្គភាពរដ្ឋ រៀបចំបែបបទប្រគល់-ទទួលទ្រព្យសម្បត្តិទាំងនោះ ហើយកត់ត្រាចូលក្នុងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និងផ្តល់ឯកសារពាក់ព័ន្ធទាំងអស់ជូនមកគណៈកម្មការសារពើភ័ណ្ឌក្រសួងដើម្បីតាមដាន វាយតម្លៃ និងគ្រប់គ្រងបន្ត។ ទី៦- បន្តអនុវត្តសេចក្តីជូនដំណឹងលេខ៩៣៣៩ កសក ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ ទី៧-នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ ត្រូវធ្វើការតាមដាននូវការធ្វើបញ្ជីសារពើភណ្ឌ និងតារាងប្រៀបធៀបទ្រព្យសម្បត្តិរដ្ឋកើនឡើង ថយចុះ ជាប្រចាំឆ្នាំឲ្យកាន់តែមានប្រសិទ្ធភាព។ ប្រធានអង្គភាព និងមន្ទីររាជធានី ខេត្តទាំងអស់ ត្រូវជំរុញដល់មន្រ្តីបង្គោល ប្រព័ន្ធព័ត៌មានវិទ្យា ឲ្យបញ្ចូលទិន្នន័យត្រឹមត្រូវ និងទាន់ពេលវេលា យកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់លើការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង