ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើសុំឲ្យប្រតិភូទីក្រុងឆុងឈីង ពិនិត្យលទ្ធភាព ជួយសាងសង់ផ្លូវខ្សែក្រវ៉ាត់ក្រុង ១ខ្សែ នៅរាជធានីភ្នំពេញ

85

ភ្នំពេញ៖ ប្រតិភូក្រុងឆុងឈីងប្រទេសចិនដឹកនាំដោយលោកចូវ គីឈីង អនុប្រធានគណៈកម្មាធិការប្រឹក្សានយោបាយបក្សប្រជាជនចិន ទីក្រុងឆុងឈីង បានជួបពិភាក្សាការងារជាមួយ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩វិច្ឆិកានេះ។ ជំនួបនេះ ដោយផ្តោតសំខាន់ ទៅលើកិច្ចសហប្រតិបត្តិការរវាងរាជធានីភ្នំពេញ និងទីក្រុងឆុងឈីងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍និងវប្បធម៌។

លោកឃួង ស្រេង បានថ្លែង ពីសក្តានុពល ដែលរាជធានីភ្នំពេញមាន ជាពិសេសការវិនិយោគលើវិស័យផ្សេងៗ ដូចជា៖ផ្នែកសំណង់ ទេសចរណ៍ អប់រំ ពាណិជ្ជកម្ម កសិកម្មជាដើម ហើយរាជធានីភ្នំពេញ ត្រៀមខ្លួនជានិច្ចក្នុងការទទួលអ្នកវិនិយោគពីទីក្រុងឆុងឈីង។

លោកអភិបាល បានថ្លែងទៀតថា៖ ដំណើរទស្សនកិច្ចរបស់លោកចូវ គីឈីង និងប្រតិភូនៅរាជធានីភ្នំពេញ នាពេលនេះ គឺបានបង្ហាញពីការរិតចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការកាន់តែល្អ ប្រសើរក្នុងនាមរាជធានីភ្នំពេញ និងទីក្រុងឆុងឈីងជាទីក្រុងសម្ពន្ធ័ភាព នឹងគ្នាដែលបានចុះអនុស្សរណៈ ជាមួយគ្នាតាំងពីឆ្នាំ២០០៤មក និងស្របពេលនៃឆ្នាំខួបទី៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២កម្ពុជា-ចិនផងដែរ។

លោក ឃួង ស្រេង បានស្នើទៅភាគីទីក្រុងឆុងឈីង ដែលមានប្រជាជនរស់នៅជាង៣៣ លាននាក់ របស់ប្រទេសចិន ឲ្យពិនិត្យលទ្ធភាពក្នុងការជួយ សាងសង់ផ្លូវក្រវ៉ាត់ក្រុង១ខ្សែ របស់រាជធានីភ្នំពេញជាប្រភេទជំនួយ ឬប្រភេទB.O.Tក៏បាន។

លោក ចូវ គីឈីង បានបង្ហាញពីភាពរីកចម្រើនរបស់ទីក្រុងឆុងឈីង នាពេលបច្ចុប្បន្ន ដែលរដ្ឋាភិបាលចិនចាត់ទុកថា ជាកន្ទុយនាគ ឯទីក្រុងសៀងហៃ ជាក្បាលនាគ ដោយកំណត់យកទន្លេយ៉ាងសេធ្វើជាគោល។ ឆុងឈីង ជាទីក្រុងឧស្សាហកម្មដ៏ សំខាន់មួយរបស់ចិន ដែលអាចផលិតរថយន្តបានប្រមាណ៣០លានគ្រឿង ផលិត កុំព្យូទ័របានប្រមាណ៦០លានគ្រឿងក្នុង១ឆ្នាំៗ និងជាទីក្រុងដែលស្ថិតនៅចំណុចតភ្ជាប់ទៅកាន់បណ្តាប្រទេសនៅអាស៊ីផងដែរ។

លោកចូវ គីឈីង ក៏បាន អញ្ជើញលោកឃួង ស្រេង ទៅធ្វើទស្សនកិច្ច នៅទីក្រុងឆុងឈីង ដើម្បីផ្លាស់ប្តូរបទ ពិសោធន៍ពីការអភិវឌ្ឍទីក្រុងកាន់តែឆាប់កាន់តែល្អ។ លោកឃួងស្រេង បានសម្រេចទទួលយកសំណើនេះ ហើយថានឹងរៀបចំជាប្រតិភូទៅទស្សនកិច្ចអាចក្នុងខែ មករា ឆ្នាំ២០១៩ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង