ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលាដំបូងរាជធានីភ្នំពេញ កោះអញ្ជើញមេធាវី ជួង ជូងី ចូលសវនការ លើជំនុំជម្រុះលើសំណុំរឿងមេសហជីព៦រូប

45


ភ្នំពេញ៖ លោក លី សុផាណា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញលិខិតកោះអញ្ជើញលោក ជួង ជូងី មេធាវីការពារសិទ្ធិជនជាប់ចោទ លោក អាត់ ធន់ និងលោក ប៉ាវ ស៊ីណា ដើម្បីចូលបំភ្លឺនៅក្នុងអង្គសវនាការ។

លោក លី សុផាណា បានបង្គាប់ឲ្យ មេសហជីព ចូលមកកាន់សាលសវនាការ ទី១ ជាន់ទី១ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែធ្នូ វេលាម៉ោង៨និង៣០នាទី ដើម្បីចូលរួមសវនាការ ពីដំណើររឿងឈ្មោះ លោក អាត់ ធន់, លោក ម៉ម ញឹម, លោក ប៉ាវ ស៊ីណា, លោក ជា មុនី, លោក រ៉ុង ឈុន និងលោកស្រី យ៉ាង សោភ័ណ្ឌ ប្រព្រឹត្តបទហិង្សាដោយចេតនា មានសន្ថានទម្ងន់ទោស, បទធ្វើឱ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោស, បទគំរាមកំហែងថា នឹងធ្វើឱ្យខូចខាត ដែលភ្ជាប់នូវបញ្ហាអ្វីមួយ និងបទប្រើមធ្យោបាយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ដែលប្រព្រឹត្តនៅចំណុចមុខ សួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីអំឡុងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ បទល្មើសដែលមានចែង ឱ្យផ្តន្ទាទោសតាមបញ្ញាតិ្តច្បាប់មាត្រា២១៨, មាត្រា៤១១, មាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ចំណែកក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានចេញសេចក្តីជូនដំណឹង ដោយជម្រាបជូនអង្គការវិជ្ជាជីវៈ​ ជាពិសេសថ្នាក់ដឹកនាំសហជីពទាំងអស់ ដែលកំពុងមានករណីបណ្តឹងនៅតុលាការ​ ឱ្យបានជ្រាបថា​ ដើម្បីសហការ​ជាមួយក្រសួងយុត្តិធម៌​ ក្នុងការផ្តល់សេវាកម្មផ្នែកច្បាប់​ ក្នុងដំណើរការនីតិវិធី​តុលាការ​ សំដៅឈានទៅដល់ការពន្លឿន​ និងបញ្ចាប់​សំណុំរឿងឱ្យបានឆាប់រហ័ស ស្របតាមបទប្បញ្ញត្តិជាធរមាន​ សូម​ អង្គការវិជ្ជាជីវៈ​ ជាពិសេសថ្នាក់ដឹកនាំសហជីព​ផ្តល់របាយការណ៍ អំពីសំណុំរឿងរបស់ខ្លួន ​មកក្រសួងការងារ​ និងបណ្តុះបណ្តវិជ្ជាជីវៈ​ ឱ្យបានមុនថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ២០១៨។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រសួងពាក់ព័ន្ធ បញ្ចប់រឿងក្ដីក្ដាំជាមួយសហជីពទាំងអស់នៅតុលាការ ត្រឹមឆ្នាំ២០១៨ ក្នុងនោះសម្ដេចក៏បានជំរុញដល់មេសហជីពទាំងអស់ ដែលកំពុងមានក្តីក្តាំនៅតុលាការ ត្រូវបញ្ជូនសំណើដោះស្រាយបញ្ហាទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ៕

អត្ថបទដែលជាប់ទាក់ទង