ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមហ៊ុន ម៉ានី ៖ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល៖ មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព»

16

ភ្នំពេញ៖«វប្បធម៌ ឬផ្នត់គំនិតអន្តរាគមន៍ត្រូវជំនួសដោយវប្បធម៌ទទួលខុសត្រូវជាបុគ្គល ក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល»។
ការលើកឡើងបែបនេះរបស់ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ ការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ និងការចែករំលែកបទពិសោធ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ជូនក្រសួង ស្ថាប័នដែលបានផ្សាយក្នុងផេកផ្លូវការរបស់ឯកឧត្ដម។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបន្តថាកន្លងមក ក្រសួងមុខងារសាធារណៈ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល ចំនួន១៦ដង ស្មើនឹង៤២លើក ដោយបានជ្រើសរើសមន្ត្រីចំនួន៤១៩៧ នាក់ ដើម្បីបម្រើការងារតាមបណ្តាក្រសួង ស្ថាប័នចំនួន៨ ក្នុងចំណោមបេក្ខជនចូលរួម ប្រមាណជាង១២ ម៉ឺននាក់។ ការប្រឡងប្រជែងនីមួយៗ ត្រូវតែប្រតិបត្តិតាមនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ក្នុងស្មារតីនៃការកែទម្រង់ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការនេះ រាជរដ្ឋាភិបាលបាន លើកកម្ពស់យុត្តិធម៌សង្គមកាន់តែប្រសើរ តាមរយៈការផ្ដល់ឱកាសស្មើគ្នា និងច្រើនដង ដល់យុវជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួន ក្នុងការក្លាយជាមន្ត្រីរាជការ ដោយយកសមត្ថភាពជាគោល និងទទួលបានការធានា ដ៏មុតមាំពីរាជរដ្ឋាភិបាលគឺ «ជាប់ដោយមោទនៈ និងធ្លាក់ដោយអស់ចិត្ត»។
ទន្ទឹមនឹងឱកាសនៃការផ្សព្វផ្សាយបទពិសោធនៃការអនុវត្តនិយាមនីតិវិធីនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល នាថ្ងៃនេះ ក្នុងនាមគណៈកម្មការរៀបចំការប្រឡងប្រជែង ខ្ញុំសូមយកឱកាសនេះ ក្រើនរំលឹកសាជាថ្មី ដល់បេក្ខជន អាណាព្យាបាល និងសាធារណៈជន សូមបង្កើនការប្រុងប្រយ័ត្ន កុំជឿលង់ការបោកបញ្ឆោត ក្លែងបន្លំ ឬសន្យាអន្តរាគមន៍ ដើម្បីធានានូវលទ្ធផលជូនដល់បេក្ខជន ដែលចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល ទោះក្នុងរូបភាពណាក៏ដោយ។
ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ច្បាស់ថាការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល៖ មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព»។ «វប្បធម៌ ឬផ្នត់គំនិតអន្តរាគមន៍ត្រូវជំនួសដោយវប្បធម៌ ទទួលខុសត្រូវជាបុគ្គល»៕

អត្ថបទដែលជាប់ទាក់ទង