ឯកឧត្ដមឃួង ស្រេង ចុះពិនិត្យមើលទីតាំងសាងសង់បន្ទប់ទឹកសាធារណៈមួយកន្លែងមានជិត៤០បន្ទប់បន្ថែមទៀតសម្រាប់ ទទួលភ្ញៀវលើផ្លូវថ្មើរជើង(Walk Street)និងព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ផ្លូវថ្មើរជើង(Walk Street)ទទួលបាននូវភាពពេញនិយមយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។ដើម្បីធ្វើឱ្យកាន់តែប្រសើរមួយកម្រិតថែមទៀត សំរាប់ផ្លូវថ្មើរជើង(Walk Street)នេះ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសាងសង់បន្ទប់ទឹកសាធារណៈមួយកន្លែងមានជិត៤០បន្ទប់បន្ថែមទៀត ជាមួយនិងពិនិត្យការជួសជុលច្រាំងទន្លេមួយចំណែកឡើងវិញផងដែរ។
ដើម្បីឱ្យគម្រោងខាងលើនេះដំណើរការទៅបានរលូន ស្របតាមស្តង់ដាបច្ចេកទេស នាព្រឹកថ្ងៃទី០២ ឧសភានេះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ត្រីនិងមន្ទីរជំនាញព្រមទាំងអាជ្ញាធរដែនដី ចុះពិនិត្យមើលការដ្ឋាននេះ ដែលមានទីតាំងស្ថិតនៅចំណុចរូបសំណាកតេជោមាសនិងតេជោយ៉តឬមុខវត្តឧណ្ណាឡោម ស្ថិតក្នុងខណ្ឌដូនពេញ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖ តាមការណែនាំពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសាងសង់បន្ទប់ទឹកអនាម័យនៅចំណុចខាងលើនេះចំនួន៣៧បន្ទប់ ក្នុងនោះរួមមាន៖ បន្ទប់ទឹកសំរាប់បុរសចំនួន២២បន្ទប់(បន្ទប់អង្គុយបត់ជើង១០បន្ទប់និងបង្គន់ឈរចំនួន១២បន្ទប់),បន្ទប់
ទឹកសំរាប់ស្ត្រីចំនួន១៤បន្ទប់និងបន្ទប់សំរាប់ជនពិកាចំនួន១បន្ទប់។ចំណែកការដ្ឋានជួសជុលច្រាំងទន្លេវិញ យើងបាននិងកំពុងជួសជុលឡើងវិញប្រវែង១៧២ម៉ែត្រ ជម្រាលប្រវែង២២ម៉ែត្រ។ ចំពោះគម្រោងទាំង២នេះ សំរាប់ច្រាំងទន្លេនឹងត្រូវប្រើប្រាស់ពេលវេលានៃការសាង់សង់ចំនួន១ខែ។ចំណែកបង្គន់អនាម័យនឹងត្រូវប្រើប្រាស់រយៈពេលចំនួន៣ខែក្នុងការសាងសង់។
លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា៖ គម្រោងខាងលើនេះធ្វើឡើង ដើម្បីទទួលភ្ញៀវលើផ្លូវថ្មើរជើង(Walk Street)និងទទួលព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។
ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនៃការចុះពិនិត្យនោះបានធ្វើការណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសាងសង់បន្ទប់ទឹកឱ្យមានខ្យល់អាកាសនិងពន្លឺគ្រប់គ្រាន់ ដើម្បីសុខមាលភាពប្រជាពលរដ្ឋនិងភ្ញៀវជាតិ អន្តរជាតិ ដែលមកកំសាន្តនៅតំបន់នេះ៕