លោក ត្រាំ ថាការទិញប្រេងពីអ៉ីរ៉ង់ ត្រូវតែបញ្ឈប់ ខណៈគំរាមដាក់ទណ្ឌកម្មបន្ទាប់បន្សំ លើអ្នកដែលហ៊ានទិញ
វ៉ាស៉ីនតោន៖ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រាល់ការទិញប្រេង ឬផលិតផលគីមីឥន្ធនៈអ៉ីរ៉ង់ ត្រូវតែបញ្ឈប់ ហើយប្រទេស ឬបុគ្គលណាដែលទិញពីប្រទេសនេះ នឹងត្រូវរងទណ្ឌកម្មបន្ទាប់បន្សំភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ ២០២៥។
លោក ត្រាំ បានសរសេរលើបណ្តាញសង្គម Truth Social កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «ពួកគេ នឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្ម ជាមួយសហរដ្ឋអាមេរិក តាមគ្រប់រូបភាព»។ ការអត្ថាធិប្បាយនេះ កើតមានឡើងបន្ទាប់ពីកិច្ចចរចាអាមេរិក-អ៉ីរ៉ង់ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ដែលគ្រោងធ្វើឡើងក្នុងទីក្រុងរ៉ូម នាថ្ងៃសៅរ៍ចុងសប្តាហ៍ ត្រូវបានពន្យារពេល។
កាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនមួយចំនួន ដែលខ្លួនចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងការធ្វើពាណិជ្ជកម្មប្រេង និងផលិតផលគីមីឥន្ធនៈ ជាមួយអ៉ីរ៉ង់ដោយខុសច្បាប់។ មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ប្រាប់ Reuters ថាកាលបរិច្ឆេទថ្មីនៃកិច្ចចរចាជុំបន្ទាប់ នឹងត្រូវបានកំណត់ ហើយវាអាស្រ័យលើរបៀបធ្វើការរបស់អាមេរិក៕