ដកហូតដីព្រៃជាង៤០០ហិកតារងការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង យកមកទុកជាសម្បត្តិរដ្ឋវិញ
ស្ទឹងត្រែង៖រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញដីកាដកហូតដីព្រៃជាង៤០០ហិកតា យកមកទុកជាសម្បត្តិរដ្ឋវិញ និងដើម្បីជាការព្រមានដល់ជនខិលខូចឯទៀត កុំឲ្យកាប់រានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ យកមកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។
អភិបាលខេត្តស្ទឹងត្រែង ឯកឧត្ដម សរ សុពុត្រា បានលើកឡើងថា រដ្ឋបាលខេត្តបានចេញដីកាលេខ០១៧/២៥កដ សម្រេចដកហូតដីព្រៃ ដែលក្រុមជនខិលខូច លួចកាប់ទន្ទ្រានយកធ្វើកម្មសិទ្ធិក្នុងពេលកន្លងមក យកមកប្រគល់ជូនរដ្ឋគ្រប់គ្រងវិញ ដើម្បីលុបបំបាត់ភាពអាណាធិបតេយ្យ និងកុំឲ្យបាត់បង់ដីរបស់រដ្ឋជាបន្តទៅទៀត។
ឯកឧត្ដមសរ សុពុត្រា បានបញ្ជាក់ទៀតថា ក្នុងដីព្រៃដែលដកហូតបានលើកនេះ មានចំនួន៤៨៧ហិកតា ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ជាប់គ្នានឹងចំណុចភូមិសាស្ត្រ នៃទឹកដីឃុំស្តៅ និងឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ឯកឧត្ដមអភិបាលខេត្ត បានបន្តថា រដ្ឋបាលខេត្តស្ទឹងត្រែង ទុកឱកាសរយៈពេល៣០ថ្ងៃ ដើម្បីជូនដំណឹងដល់ជនខិលខូចខាងលើ ឲ្យមកធ្វើការតវ៉ា ប្រសិនបើជននោះកើតទុក្ខមិនសុខចិត្តត្រង់ចំណុចណាមួយ។
ដោយឡែក មន្ត្រីនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ដីដែលធ្វើការដកហូតខាងលើនោះ ជាដីព្រៃដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន ហើយត្រូវបានក្រុមជនសង្ស័យចូលលួចកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិ កាលពីពេលកន្លងមក ដោយមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ដែលជនសង្ស័យទាំងនោះប្រព្រឹត្តល្មើស និងបំពានទៅនឹងច្បាប់ស្ដីពីដីធ្លី។
សូមបញ្ជាក់ថា នៅរយៈពេលកន្លងមក រដ្ឋបាលខេត្តស្ទឹងត្រែង បានធ្វើការដកហូតដីព្រៃបានជាង២ម៉ឺនហិកតារួចមកហើយ ដើម្បីយកមកទុកជាសម្បត្តិរដ្ឋវិញ ក្នុងប្រតិបត្តិការដកហូត ដែលធ្វើឡើងចាប់តាំងពីឆ្នាំ២០២៤ រហូតមកដល់ខែមេសាឆ្នាំ២០២៥ នេះ ដែលដកហូតបានពីក្រុមជនខិលខូច៕