ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតអនុប្រធានាធិបតីអាមេរិក លោក Pence រិះគន់គោលនយោបាយពន្ធគយរបស់លោក ត្រាំ

16


វ៉ាស៊ីនតោន៖អតីតអនុប្រធានាធិបតីអាមេរិក លោក Mike Pence កាលពីថ្ងៃចន្ទ ទី៥ ខែឧសភា បានរិះគន់គោលនយោបាយពន្ធគយរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ហើយនិយាយថាការខ្វះខាតអាចនឹងជំរុញឱ្យប្រជាជនអាមេរិកទាមទារឱ្យសេតវិមានផ្លាស់ប្ដូរវិធីសាស្ត្រសព្វថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោក Pence បានពិភាក្សាលើប្រធានបទជាច្រើន និងក៏បានរិះគន់អតីតចៅហ្វាយរបស់ខ្លួនផងដែរ សម្រាប់ការលើកលែងទោសលើកុបករ ស្ទើរតែទាំងអស់ដែលត្រូវបានកាត់ទោសពីបទសម្រុកចូលអុកឡុកវិមានសភា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។ នៅអាណត្តិទី២នេះ លោក ត្រាំ បានដាក់ចេញវិធានការយកពន្ធគយ លើទំនិញស្ទើរគ្រប់មុខដែលនាំចូលមកពីបណ្ដាប្រទេសជាដៃគូរបស់សហរដ្ឋអាមេរិកស្ទើរតែទាំងអស់ ដោយអះអាងថាពួកគេអនុវត្តការធ្វើពាណិជ្ជកម្មមិនស្មើភាព ហើយថាវ៉ាស៊ីនតោន ចាំបាច់ត្រូវតែសម្រេចឱ្យបាននូវការធ្វើពាណិជ្ជកម្មដែលមានតុល្យភាពជាមួយគ្រប់ប្រទេសទាំងអស់។
លោក Pence ធ្លាប់កាន់តំណែងជាអនុប្រធានាធិបតីអាមេរិក អំឡុងអាណត្តិទីមួយរបស់លោក ដូណាល់ ត្រាំ។ ក្នុងបទសម្ភាសន៍នោះ លោក Pence បានកត់សម្គាល់ថាលោកផ្ទាល់ មានការព្រួយបារម្ភថាគោលនយោបាយពន្ធគយរបស់លោក ត្រាំដែលជាគោលនយោបាយឧស្សហកម្មថ្មីសុទ្ធសាធអាចបង្កឱ្យមានអតិផរណាដែលនឹងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ រួមទាំងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា លោកអតីតអនុប្រធានាធិបតីអាមេរិក Pence ក៏បានបង្ហាញពីជំហរមិនយល់ស្របនឹងលោក ត្រាំ ផងដែរជុំវិញសង្រ្គាមនៅអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថាលោក ពូទីន ស្គាល់តែអំណាចតែមួយគត់ ហើយសង្រ្គាមជាង ៣ឆ្នាំកន្លងមកនេះបានបង្រៀនអាមេរិកថាលោក ពូទីន មិនចង់បានសនិ្តភាពទេ តែលោកចង់បានអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង