ស្លាប់ ៣៨នាក់ ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើសាលារៀន និងទីផ្សារនៅហ្គាហ្សា
ហ្គាហ្សា៖ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើសាលារៀនមួយកន្លែងដែលជាជម្រកនៃគ្រួសាជនភៀសខ្លួន និងតំបន់ទីផ្សារដែលមានមនុស្សច្រើនមួយកន្លែងទៀតក្នុងទីក្រុងហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៣៨នាក់ នៅថ្ងៃពុធ ទី៧ ខែឧសភានេះ។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមគ្រូពេទ្យបានរាយការណ៍ថា ការវាយប្រហារពីរលើកលើសាលា Karama ក្នុងសង្កាត់ Tuffah បានសម្លាប់មនុស្ស ១៥នាក់។ ប៉ុន្មានម៉ោងក្រោយមក ការវាយប្រហារនៅជិតភោជនីយដ្ឋាន និងទីផ្សារមួយកន្លែងទៀតក្នុងទីក្រុង បានសម្លាប់មនុស្សយ៉ាងតិច ២៣នាក់បន្ថែមទៀត រួមមានទាំងស្ត្រី និងកុមារ។ វីដេអូរបស់ Reuters បានបង្ហាញពីភាពចលាចល ខណៈរូបភាពតាមបណ្ដាញសង្គម បានបង្ហាញសាកសពគ្រួសារមួយនៅកណ្ដាលផ្លូវ។
ការវាយប្រហារនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើសាលារៀនមួយផ្សេងទៀតដែលជាជម្រកជនភៀសខ្លួននៅជំរំ Bureij កណ្ដាលតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ ដែលបានសម្លាប់មនុស្សយ៉ាងតិច ៣៣នាក់។ យោធាអ៊ីស្រាអែលបានអះអាងថា ខ្លួនបានវាយប្រហារ «ភេរវករ» ដែលប្រតិបត្តិការពីទីបញ្ជាការក្នុងបរិវេណនោះ។
ទន្ទឹមនឹងនេះ នៅទីក្រុង Rafah ភាគខាងត្បូង អ្នកស្រុក និងប្រភពពីក្រុមហាម៉ាស់បានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបន្តបំផ្ទុះ និងកម្ទេចផ្ទះសម្បែង។ ស្លាបយោធារបស់ក្រុមហាម៉ាស់ (Al-Qassam Brigades) បានអះអាងនៅថ្ងៃពុធថា ពួកគេបានបំផ្ទុះមីនប្រឆាំងនឹងកងទ័ពអ៊ីស្រាអែលនៅភាគខាងកើតទីក្រុង Rafah បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួស។
គួរបញ្ជាក់ថា ការវាយប្រហារដែលបន្តកើតមានលើតំបន់ដែលមានជនស៊ីវិលជ្រកកោន កំពុងបង្កើនការថ្កោលទោស និងក្តីបារម្ភអំពីស្ថានភាពមនុស្សធម៌ ខណៈកិច្ចចរចាបទឈប់បាញ់ដែលសម្របសម្រួលដោយកាតា និងអេហ្ស៊ីប នៅតែមិនមានផ្លែផ្កា៕