ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ពូទីន និងលោក ស៊ី ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

16


ក្រុងមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានចុះហត្ថលេខារួមគ្នាលើសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ក្នុងគោលបំណងធ្វើឲ្យភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងនៅក្នុងវិមានក្រឹមឡាំង បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក ស៊ី, លោក ពូទីន បានបញ្ជាក់ថា ទំនាក់ទំនងរុស្ស៊ី-ចិន មាននិរន្តរភាពដោយខ្លួនឯង ហើយប្រទេសទាំងពីរនឹងបន្តបង្កើនការប្រើប្រាស់រូបិយប័ណ្ណជាតិរៀងៗខ្លួន នៅក្នុងការទូទាត់ពាណិជ្ជកម្មទៅវិញទៅមក។
ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង មកកាន់ទីក្រុងមូស្គូ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែឧសភា ដែលក្នុងនោះលោកក៏នឹងចូលរួមពិធីរំលឹកខួបលើកទី៨០ នៃទិវាជ័យជម្នះលើពួកណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ នៅថ្ងៃទី៩ ខែឧសភា ផងដែរ។
គួរបញ្ជាក់ថា ការពង្រឹងភាពជាដៃគូនេះ កើតឡើងខណៈដែលប្រទេសទាំងពីរកំពុងប្រឈមមុខនឹងសម្ពាធពីបណ្ដាប្រទេសលោកខាងលិច ហើយកំពុងព្យាយាមកសាងសណ្ដាប់ធ្នាប់ពិភពលោកពហុប៉ូល៕

អត្ថបទដែលជាប់ទាក់ទង