ក្រោយការជ្រេីសរេីស សម្តេចប៉ាប ឡេអូ ទី១៤ នឹងមកដឹកនាំគ្រិស្តបរិស័ទកាតូលិក
វ៉ាទីកង់៖កាឌីណាល់ Robert Prevost ត្រូវបានជ្រេីសរេីសឱ្យក្លាយជាមេដឹកនាំកាតូលិករបស់ពិភពលោក សម្តេចប៉ាប ឡេអូ ទី១៤ ដើម្បីបម្រើដល់សាសនាគ្រិស្តដែលមានសមាជិក ១.៤ពាន់លាននាក់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ ២០២៥។
កាឌីណាល់ Robert Prevost គឺជាសម្តេចប៉ាបទីមួយមកពីសហរដ្ឋអាមេរិក អាយុ ៦៩ឆ្នាំ និងបានចំណាយពេលភាគច្រើនធ្វេីជាអ្នកផ្សព្វផ្សាយសាសនានៅប្រទេសប៉េរូ ហើយបានក្លាយជាកាឌីណាល់នៅក្នុងឆ្នាំ ២០២៣។ លោកត្រូវបានបោះឆ្នោតជ្រើសរើស កាលពីថ្ងៃព្រហស្បតិ៍ ជាសម្តេចប៉ាបថ្មីនៅថ្ងៃទីពីរនៃសន្និបាតដើម្បីជ្រេីសរេីសអ្នកស្នងតំណែងសម្តេចប៉ាប ហ្រ្វង់ស៉ីស ដែលយាងចូលទីវង្គត់កាលពីខែមុន។
គួរបញ្ជាក់ថា សម្តេចប៉ាបចុងក្រោយដែលយកព្រះនាម ឡេអូ គឺសម្តេចប៉ាប ឡេអូ ទី១៣ បានផ្តោតភាគច្រើនលើការតស៊ូមតិដើម្បីសិទ្ធិកម្មករ ប្រាក់ឈ្នួល និងលក្ខខណ្ឌការងារសមរម្យ ក៏ដូចជាសិទ្ធិចូលរួមជាសហជីព ក្នុងពេលដែលទ្រង់ដឹកនាំពិភពកាតូលិក ពីឆ្នាំ ១៨៧៨ ដល់ឆ្នាំ ១៩០៣៕