ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ាគីស្ថានបើកប្រតិបត្តិការយោធាជាផ្លូវការប្រឆាំងឥណ្ឌា ក្រោយឥណ្ឌាបាញ់មីស៉ីលមកលើមូលដ្ឋានទ័ពរបស់ខ្លួន

12


អ៉ីស្លាម៉ាបាដ៖នៅថ្ងៃសៅរ៍នេះ ប៉ាគីស្ថានបានឱ្យដឹងថា ខ្លួនបានបើកប្រតិបត្តិការយោធាជាផ្លូវការប្រឆាំងឥណ្ឌា ដោយកំណត់គោលដៅលើ មូលដ្ឋានជាច្រើន រួមមានទាំងកន្លែងស្តុកមីស៉ីល នៅតំបន់ភាគខាងជើងឥណ្ឌា ខណៈប្រទេសជិតខាងទាំងពីរ បន្តពង្រីកការប្រយុទ្ធគ្នា ដែលកំពុងមានស្ថានភាពអាក្រក់បំផុត ក្នុងរយៈពេលជិត៣ទសវត្សរ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ប៉ាគីស្ថានបាននិយាយថា មុនការបើកប្រតិបត្តិការនោះ គឺឥណ្ឌាបានបាញ់មីស៉ីលមកលើមូលដ្ឋានទ័ពអាកាសរបស់ខ្លួន៣កន្លែង ក្នុងនោះ១កន្លែង ស្ថិតនៅកៀករដ្ឋធានីអ៉ីស្លាម៉ាបាដ ប៉ុន្តែភាគច្រើនត្រូវបានបាញ់ស្ទាក់ដោយប្រព័ន្ធកាពារដែនអាកាសប៉ាគីស្ថាន។ ប្រទេសទាំងពីរបានប៉ះទង្គិចគ្នា ចាប់តាំងតែពីថ្ងៃពុធសប្តាហ៍នេះ នៅពេលឥណ្ឌាបានបើកប្រតិបត្តិការយោធាតាមផ្លូវអាកាស ចូលក្នុងទឹកដីប៉ាគីស្ថាន ដើម្បីកម្ទេចនូវអ្វីដែលខ្លួនហៅថា «ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមភេរវករ» ហើយប៉ាគីស្ថានបានប្តេជ្ញាសងសឹកវិញ។
យោធាប៉ាគីស្ថានបានប្រាប់ថា ទីតាំងស្តុកមីស៉ីល BrahMos របស់ឥណ្ឌា ត្រូវបានកម្ទេចនៅតំបន់ Beas ហើយមូលដ្ឋានទ័ពអាកាស Pathankot នៅខេត្ត Punjab ភាគខាងលិចប្រទេសឥណ្ឌា និងមូលដ្ឋាន Udhampur នៅផ្នែកនៃតំបន់ Kashmir ដែលគ្រប់គ្រងដោយឥណ្ឌា ក៏ត្រូវបានវាយប្រហារផងដែរ។ បើតាមការអះអាងរបស់យោធាប៉ាគីស្ថាន ឥណ្ឌាបានប្រើយន្តហោះចម្បាំង បាញ់មីស៉ីលមកលើមូលដ្ឋានទ័ព៣កន្លែងរបស់ខ្លួន ក្នុងនោះ១កន្លែងស្ថិតនៅទីក្រុង Rawalpindi ក្បែររដ្ឋធានីអ៉ីស្លាម៉ាបាដ និង២កន្លែងទៀតនៅខេត្ត Punjab ភាគខាងកើតប្រទេស។
គួរបញ្ជាក់ថា ការវាយប្រហាររបស់ឥណ្ឌាលើប៉ាគីស្ថាន កាលពីថ្ងៃពុធ គឺជាការសងសឹកសម្រាប់ករណីបាញ់រះដ៏ប្រល័យ លើក្រុមអ្នកទេសចរហិណ្ឌូ នៅតំបន់ Kashmir ប៉ែកគ្រប់គ្រងដោយឥណ្ឌា កាលពីខែមេសាកន្លងទៅ។ ឥណ្ឌាបានចោទថា ប៉ាគីស្ថានមានជាប់ពាក់ព័ន្ធក្នុងករណីនោះ។ ចាប់តាំងពីថ្ងៃពុធមក ប្រទេសទាំងពីរ ដែលសុទ្ធតែមាននុយក្លេអ៊ែរ បានប៉ះទង្គិចអាវុធនៅព្រំដែន ហើយបានបញ្ជូនដ្រូនក៏ដូចជាមីស៉ីលទៅវិញទៅមក ចូលដែនអាកាសភាគីម្ខាងៗ។ បើតាមការប៉ាន់ស្មាន មនុស្សយ៉ាងហោច៤៨នាក់ បានស្លាប់ ចាប់តាំងពីការប៉ះទង្គិចគ្នាបានផ្ទុះឡើង កាលពីថ្ងៃពុធ៕

អត្ថបទដែលជាប់ទាក់ទង