ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥណ្ឌា និងប៉ាគីស្ថាន ចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការបំពានបទឈប់បាញ់

19


អ៉ីស្លាម៉ាបាដ៖ ឥណ្ឌា និងប៉ាគីស្ថាន នៅថ្ងៃអាទិត្យ ទី១១ ខែឧសភា បានចោទប្រកាន់គ្នាទៅវិញទៅមកពីការបំពានលើបទឈប់បាញ់ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថាប្រទេសជិតខាងទាំង២ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរបានយល់ព្រមទទួលយក បទឈប់បាញ់ជាបន្ទាន់មួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
រដ្ឋមន្ត្រីការបរទេសឥណ្ឌា បាននិយាយថាទីក្រុងញូវដែលីបានចាត់វិធានការសងសឹក ក្រោយមានការបំពានបទឈប់បាញ់ម្ដងហើយម្ដងទៀតរបស់ប៉ាគីស្ថាន ខណៈប៉ាគីស្ថានវិញ បាននិយាយថាខ្លួននៅតែមានការប្ដេជ្ញាចិត្តចំពោះបទឈប់បាញ់ ហើយថាកងកម្លាំងរបស់ខ្លួនកំពុងដោះស្រាយការបំពានបទឈប់បាញ់ប្រព្រឹត្តដោយភាគីឥណ្ឌា ជាមួយការទទួលខុសត្រូវ និងការអត់ធ្មត់។
អ្នករាយការណ៍ឱ្យទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានឱ្យដឹងថាស្នូរផ្ទុះដ៏ខ្លាំងបានបន្លឺសំឡេងឡើងជាបន្តបន្ទាប់នៅក្នុងតំបន់កាស្មៀរប៉ែកខាងគ្រប់គ្រងដោយឥណ្ឌា។ ចំណែក មន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងតំបន់កាស្មៀរផ្នែកគ្រប់គ្រងដោយប៉ាគីស្ថានវិញ បានប្រាប់ AFP ថាមានការបាញ់ប្រហារដាក់គ្នាទៅវិញទៅមករវាងទាហានប៉ាគីស្ថាន និងឥណ្ឌា នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន Line of Control (LoC)។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ម្សិលមិញ ប៉ាគីស្ថាន និងឥណ្ឌា បានយល់ព្រមទទួលយកបទឈប់បាញ់ពេញលេញ និងបន្ទាន់មួយ ប៉ុន្មានថ្ងៃក្រោយការសងសឹកគ្នាទៅវិញទៅមក ជាមួយការបាញ់មីស៊ីល ដ្រូន និងយន្ដហោះចម្បាំង ព្រមទាំងការបាញ់កាំភ្លើងធំ។ មនុស្សយ៉ាងហោច ៦០នាក់ហើយត្រូវបានសម្លាប់ ចាប់តាំងពីជម្លោះរវាងប្រទេសទាំង២ ផ្ទុះឡើងមក។ បទឈប់បាញ់ខាងលើត្រូវបានប្រកាសដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ៕

អត្ថបទដែលជាប់ទាក់ទង