ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅតែបន្តការជួយគាំទ្រដល់មូលនិធិត្រីចក្រយានកម្ពុជា ទាំងការឧបត្ថម្ភ និងការគិតគូរពីសុខភាព ដោយផ្តល់ប័ណ្ណ ប.ស.ស និងប័ណ្ណក្រីក្រ

12

ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា បានថ្លែងថា មូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើតឡើងតាំងពី ឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ហើយសម្តេចតេជោ តែងតែគាំទ្រ និងជួយឧបត្ថម្ភជាប្រចាំខែជានិច្ច។
ដោយឡែកនាពេលបច្ចុប្បន្ននេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកនៅតែបន្តការជួយគាំទ្រ ដល់មូលនិធិត្រីចក្រយានកម្ពុជា ទាំងការឧបត្ថម្ភ ទាំងការគិតគូរ ជាពិសេសនៅតែបន្តប័ណ្ណ ប.ស.ស ប័ណ្ណក្រីក្រ ជូនដល់លោកតា លោកអ៊ំ លោកពូ ដែលជាសមាជិក សមាគមមូលនិធិត្រីចក្រយានកម្ពុជា។
ការថ្លែងបែបនេះរបស់លោកជំទាវបណ្ឌិត ក្នុងឱកាសបានអញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ ជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ចំនួន៣៨៨នាក់ នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ នាថ្ងៃទី១១ខែ
ឧសភា ឆ្នាំ២០២៥។
សម្រាប់អំណោយចែកជូនលោកតា លោកអ៊ុំ លោកពូ ប្រកបរបរធាក់ស៊ីក្លូ ដែលជាសមាជិក សមាគមមូលនិធិត្រីចក្រយានកម្ពុជានាឱកាសនេះដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ៣៥គីឡូក្រាម មី១កេស ទឹកសុទ្ធ២កេស ទឹកស៊ីអ៊ីវ១យួរ ប្រេងឆា១ដប ទឹកក្រូច១កេស ថ្នាំពេទ្យ១កញ្ចប់ អាវក្រណាត់១ ខោ១ ក្រមា១ ច្រាសដុសធ្មេញ១ ថ្នាំដុសធ្មេញ១ សាប៊ូលាងដៃ១ សាប៊ូកក់សក់១ សាប៊ូបោកខោអាវ១ធុង អាវភ្លៀង១ ថវិកា១០ម៉ឺនរៀល និងអាហារថ្ងៃត្រង់១ប្រអប់។
គួរបញ្ជាក់ថា លោកតា លោកអ៊ុំ អ្នកធាក់ស៊ីក្លូទាំង៣៨៨ នាក់នេះ ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន ២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែពួកគាត់បើកបានបីដង។ ក្រៅពីប្រាក់ខែក៏មានប្រាក់ឧបត្ថម្ភ បុណ្យចូលឆ្នាំថ្មី ៥ម៉ឺនរៀល និងភ្ជុំបិណ្ឌ ៥ម៉ឺនរៀលទៀត។ មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រី នៃព្រះ រាជាណាចក្រកម្ពុជា សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអាណានិគមនិយមបារាំងមកម្លេះ៕

អត្ថបទដែលជាប់ទាក់ទង