អាមេរិកនិងចិន ព្រមព្រៀងគ្នាទម្លាក់ពន្ធចុះមកវិញរហូតដល់១១៥ភាគរយ ហើយផ្អាករយៈពេល៩០ថ្ងៃ
ក្រុងប៉េកាំង៖នៅថ្ងៃចន្ទ ទី១២ ខែឧសភា សហរដ្ឋអាមេរិកនិងចិន បានប្រកាសថា ប្រទេសទាំងពីរបានឈានដល់ការព្រមព្រៀងគ្នា ដើម្បីទម្លាក់ពន្ធគយបដិការចុះមកវិញ ស្របពេលដែលទីក្រុងវ៉ាស៉ីនតោន និងទីក្រុងប៉េកាំង ទីបំផុតព្យាយាមបិទបញ្ចប់សង្រ្គាមពាណិជ្ជកម្ម ដែលបានបង្កភាពរង្គោះរង្គើជាខ្លាំង ចំពោះសេដ្ឋកិច្ចពិភពលោក និងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា អាមេរិកនិងចិនបានឈានដល់ កិច្ចព្រមព្រៀងផ្អាកចំណាត់ការពន្ធបដិការរយៈពេល៩០ថ្ងៃ ហើយពន្ធនេះ នឹងត្រូវទម្លាក់ចុះមកវិញក្នុងអត្រា១១៥ភាគរយ។ កន្លងមក អំឡុងការកើនឡើងកម្តៅនៃជម្លោះពាណិជ្ជកម្ម អាមេរិកបានដំឡើងពន្ធបដិការសរុបដល់១៤៥ភាគរយ លើទំនិញរបស់ចិន ខណៈចិនបានឆ្លើយតបវិញ ដោយដំឡើងពន្ធ១២៥ភាគរយលើទំនិញរបស់អាមេរិក។ ប្រការនេះមានន័យថា តាមរយៈការព្រមព្រៀងខាងលើ ពន្ធអាមេរិកលើចិន នឹងត្រូវធ្លាក់មកនៅត្រឹម៣០ភាគរយ ខណៈពន្ធចិនលើអាមេរិក នឹងធ្លាក់មកត្រឹម១០ភាគរយ។
គួរបញ្ជាក់ថា សេចក្តីប្រកាសខាងលើកើតមានឡើង ក្រោយជំនួបចរចាលើកដំបូងបំផុត ស្តីពីសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិង ចិន ដែលបានប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវនៃប្រទេសស្វីស និងបញ្ចប់ទៅជាមួយលទ្ធផលវិជ្ជមាន កាលពីចុងសប្តាហ៍មុន៕