ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការរៀបចំទិវាជាតិនៃការចងចាំថ្ងៃ២០ឧសភាឆ្នាំ២០២៥នេះធ្វើកម្រិតធំជាងឆ្នាំកន្លងទៅដោយថ្នាក់ជាតិនឹងអញ្ជើញជាអធិបតី

18

ភ្នំពេញ៖ទិវាជាតិនៃការចងចាំនឹងត្រូវប្រារព្វធ្វើឡើងនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ ក្នុងកម្រិតធំជាងឆ្នាំកន្លងទៅដោយមានប្រជាពលរដ្ឋចូលរួមប្រមាណជិត១ម៉ឺននាក់។ទិវានេះថ្នាក់ជាតិនឹងអញ្ជើញជាអធិបតី ជាមួយនឹងការអញ្ជើញអង្គទូតចូលរួមផងដែរ។
នេះជាការបញ្ជាក់ឱ្យដឹងពីឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំពិភាក្សាម្តងទៀត ជុំវិញការរៀបចំទិវាជាតិនៃការចងចាំថ្ងៃ២០ឧសភា នារសៀលថ្ងៃទី១២ឧសភា២០២៥នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការប្រារព្វទិវាជាតិនៃការចងចាំថ្ងៃ២០ឧសភា ធ្វើឡើងដើម្បីរំលឹកឱ្យក្មេងជំនន់ក្រោយបានដឹងនិងយល់ឱ្យបានច្បាស់ពីរបបដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ប៉ុល ពតដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់។ ដើម្បីរួមគ្នារក្សាសន្តិភាពឱ្យបានគង់វង់នៅកម្ពុជា ពិសេសគឺការពារឱ្យបាននូវរបបដ៏សាហាវយង់ឃ្នងនេះ កុំឱ្យវិលត្រឡប់មកលើប្រទេសកម្ពុជាជាថ្មីម្តងទៀត។
ឯកឧត្ដម អភិបាលរាជធានីបានមានប្រសាសន៍បន្តថា៖ឆ្នាំនេះ ទិវាជាតិនៃការចងចាំនឹងត្រូវប្រារព្វធ្វើឡើងធំនិងអធឺកអធម្មជាងឆ្នាំមុន ដោយថ្នាក់ជាតិ នឹងអញ្ជើញជាអធិបតី ហើយការងាររៀបចំត្រូវបានថ្នាក់ជាតិប្រគល់លទ្ធភាពឱ្យមករដ្ឋបាលរាជធានីភ្នំពេញយើងជាអ្នករៀបចំ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ ព្រោះតែរាជធានីភ្នំពេញបានរៀបចំប្រារព្វទិវានេះឡើងរាល់ឆ្នាំមានបទពិសោធន៍គ្រប់គ្រាន់។ ជាគម្រោងនឹងមានប្រជាពលរដ្ឋ បងប្អូនខ្មែរឥស្លាម តាជី យាយជីចូលរួមចំនួន៩០០០នាក់ ជាមួយនឹងការអញ្ជើញអង្គទូតចូលរួមផងដែរ។
ឯកឧត្ដមឃួង ស្រេងបានបន្តថា៖ គម្រោងរៀបចំទិវាជាតិនៃការចងចាំឆ្នាំនេះយើងនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីរៀបចំ ដោយគិតទាំងមហាជនចូលរួមនិងចំណតរថយន្តផងដែរ សំដៅធ្វើយ៉ាងណាឱ្យការប្រារព្ធពិធីនេះដំណើរការទៅដោយភាពអធឹកអធម្មនិងជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង