អង្គការសហប្រជាជាតិ«UN» នឹងមិនចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌គាំទ្រដោយអាមេរិក ក្នុងតំបន់ហ្កាហ្សានោះទេ
យូអិន៖ អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា បាននិយាយថាខ្លួននឹងមិនចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌គាំទ្រដោយសហរដ្ឋអាមេរិក នៅក្នុងតំបន់ហ្កាហ្សា នោះទេ ដោយសារតែប្រតិបត្តិការនេះខ្វះភាពអព្យាក្រឹត ខណៈអ៉ីស្រាអែលសន្យាថានឹងជួយសម្របសម្រួលប្រតិបត្តិការនេះដោយមិនចូលរួមក្នុងការប្រគល់ជំនួយឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ្នកនាំពាក្យរងអង្គការសហប្រជាជាតិ លោក Farhan Haq បានប្រាប់អ្នកសារព័ត៌មានថា «ប្រតិបត្តិការមនុស្សធម៌នេះមិនអនុលោមតាមគោលការណ៍ជាមូលដ្ឋានរបស់យើង ក្នុងនោះរួមមាន ការប្រកាន់ភ្ជាប់ភាពមិនលំអៀង អព្យាក្រឹត និងឯករាជ្យភាពនោះឡើយ។ ដូច្នេះយើងនឹងមិនចូលរួមក្នុងប្រតិបត្តិការនេះទេ»។
ប្រតិបត្តិការមនុស្សធម៌ Gaza Humanitarian Foundation គាំទ្រដោយសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមការងារនៅក្នុងតំបន់ហ្កាហ្សានាចុងខែឧសភានេះ នៅក្រោមការរិះគន់យ៉ាងខ្លាំងពីសំណាក់ ប្រមុខជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក Tom Fletcher ដែលបានចាត់ទុកថាវាគ្រាន់តែជាការបិទបាំងអំពើហិង្សា និងការបណ្ដេញប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា តែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង Antalya ប្រទេសតួកគីកាលពីថ្ងៃព្រហស្បតិ៍ថាសហរដ្ឋអាមេរិក ទទួលយកការរិះគន់ ហើយថាទីក្រុងវ៉ាស៊ីនតោនបើកចំហចំពោះផែនការផ្សេង ដើម្បីនាំយកជំនួយទៅកាន់ជនស៊ីវិល ដោយមិនឱ្យហាម៉ាសលួចជំនួយទាំងនោះ។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពមួយដែលខ្លួនទទួលបាន ប្រតិបត្តិការមនុស្សធម៌ Gaza Humanitarian Foundation មានគោលដៅធ្វើកិច្ចសហការ ជាមួយក្រុមហ៊ុនសន្តិសុខ ឯកជនអាមេរិក និងក្រុមហ៊ុន logistics ដើម្បីដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សាដើម្បីចែកចាយទៅដល់ប្រជាជនប៉ាឡេស្ទីន ដោយក្រុមការងារអ្នកផ្ដល់ ជំនួយ៕