ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីស្រាអែល បន្តសម្លាប់មនុស្ស២៤នាក់ថែមទៀត នៅហ្កាហ្សា ខណៈក្រុមអ្នកសម្រុះសម្រួលរៀបចំកិច្ចចរចាជុំថ្មី

13

គែរ៖នៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោច២៤នាក់ នៅជំរំគ្រួសាររត់ភៀសខ្លួន ក្នុងក្រុង Khan Younis ភាគខាងត្បូងហ្កាហ្សា ស្របពេលដែលក្រុមអ្នកសម្រុះសម្រួលជម្លោះ បានរៀបចំកិច្ចចរចាជុំថ្មីទៀត រវាងអ៉ីស្រាអែលនិងហាម៉ាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
អ៉ីស្រាអែលបានពង្រីកប្រតិបត្តិការវាយលុករបស់ខ្លួន នៅក្នុងដែនដីប៉ាឡេស្ទីននេះ ហើយបានបង្កើនសកម្មភាពទម្លាក់គ្រាប់បែក ដែលបានផ្តាច់ជីវិតមនុស្សសរុបរាប់រយនាក់ ក្នុងរយៈពេលប្រមាណជា៧២ម៉ោងចុងក្រោយ។ អាជ្ញាធរនៅហ្កាហ្សាបានអះអាងថា ការវាយប្រហារតាមអាកាសថ្មីចុងក្រោយបង្អស់របស់អ៉ីស្រាអែល ក៏បានសម្លាប់ស្រ្តីនិងកុមារផងដែរ ហើយបង្កឱ្យរបួសមនុស្សរាប់សិបនាក់ផ្សេងទៀត និងបណ្តាលឱ្យតង់ស្នាក់នៅជាច្រើនរងការឆាបឆេះ។
គួរបញ្ជាក់ថា ក្រុមអ្នកសម្រុះសម្រួលរបស់អេហ្ស៉ីបនិងកាតា គាំទ្រដោយសហរដ្ឋអាមេរិក បានរៀបចំកិច្ចពិភាក្សាជុំថ្មីនៅទីក្រុងដូហា ស្តីពីបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃសៅរ៍ ប៉ុន្តែហាក់ពុំសម្រេចបានលទ្ធផលណាមួយឡើយ ដ្បិតភាគីទាំងសងខាង បានបន្តប្រកាន់ខ្ជាប់នូវជំហររៀងៗខ្លួនដដែល៕

អត្ថបទដែលជាប់ទាក់ទង