លោកប្រធានាធិបតីហ្វីលីពីនថា៖បើកចំហចំពោះការផ្សះផ្សាជាមួយគ្រួសារ Duterte
ក្រុងម៉ានីល៖ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បាននិយាយនៅថ្ងៃចន្ទ ទី១៩ ខែឧសភា ថា លោកបើកចំហចំពោះការផ្សះផ្សាជាមួយគ្រួសារ Duterte មួយសប្តាហ៍បន្ទាប់ពីសម្ព័ន្ធមិត្តរបស់អនុប្រធានាធិបតី លោកស្រី Sara Duterte បានទទួលលទ្ធផលល្អលើសការរំពឹងទុក នៅក្នុងការបោះឆ្នោតព្រឹទ្ធសភាដ៏សំខាន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងផតឃែស្ថមួយដែលបានចែករំលែកនៅលើទំព័រ Facebook របស់លោក លោក Marcos បានថ្លែងថា លោកត្រូវការមិត្តច្រើនជាងសត្រូវ ដើម្បីអាចអនុវត្តរបៀបវារៈរបស់លោកក្នុងរយៈពេលបីឆ្នាំដែលនៅសល់នៃអាណត្តិប្រធានាធិបតី។ លោកបានបន្ថែមថា «អ្វីដែលខ្ញុំចង់បានគឺស្ថិរភាព… ដើម្បីយើងអាចធ្វើការងាររបស់យើងបាន»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីការដួលរលំយ៉ាងជូរចត់នៃសម្ព័ន្ធភាពរវាងត្រកូល Marcos និង Duterte ដែលធ្លាប់បានជួយឲ្យអ្នកទាំងពីរទទួលបានជ័យជម្នះក្នុងឆ្នាំ ២០២២។ បច្ចុប្បន្ន លោកស្រី Sara Duterte កំពុងប្រឈមនឹងការកាត់ក្តីចោទប្រកាន់នៅព្រឹទ្ធសភា ដែលអាចនាំឲ្យលោកស្រីបាត់បង់តំណែង និងមិនអាចឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ ២០២៨ បាន។ ចំណែកឪពុករបស់លោកស្រី គឺអតីតប្រធានាធិបតី Rodrigo Duterte ទើបតែត្រូវបានជ្រើសតាំងជាអភិបាលក្រុង Davao កាលពីសប្តាហ៍មុន ទោះបីជាលោកត្រូវបានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) តាមចាប់ខ្លួនពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក៏ដោយ។
ទោះបីជាការស្ទង់មតិព្យាករណ៍ថា សម្ព័ន្ធមិត្តរបស់លោក Marcos នឹងឈ្នះច្រើននៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិកាលពីថ្ងៃទី១២ ខែឧសភាក៏ដោយ ក៏ជ័យជម្នះរបស់បេក្ខជនមួយចំនួនដែលគាំទ្រលោកស្រី Duterte បានផ្តល់ឲ្យលោកស្រីនូវសំឡេងគាំទ្រដ៏សំខាន់នៅក្នុងព្រឹទ្ធសភា ដែលអាចមានសារៈសំខាន់ក្នុងការកាត់ក្តីចោទប្រកាន់លោកស្រី។
លោក Marcos បានរក្សាជំហរមិនលូកដៃក្នុងដំណើរការចោទប្រកាន់លោកស្រី Sara Duterte ដោយបញ្ជាក់ថាវាជាការងាររបស់ព្រឹទ្ធសភា។ ការិយាល័យរបស់លោកស្រី Duterte មិនទាន់បានឆ្លើយតបចំពោះការលើកឡើងពីការផ្សះផ្សារបស់លោក Marcos ទេ។
គួរបញ្ជាក់ថា សំណើផ្សះផ្សារបស់លោក Marcos ត្រូវបានគេមើលឃើញថាជាការគណនាផ្នែកនយោបាយដ៏សំខាន់មួយ ក្នុងបរិបទនៃការបែងចែកអំណាច និងការប្រជែងគ្នាមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៨៕