ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន នាទិវាជាតិនៃការចងចាំ ២០ ឧសភា បានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ សូមចូលរួមថែរក្សាការពារសន្តិភាព ឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ

12


ភ្នំពេញ៖នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលប្រជាពលរដ្ឋគ្រប់រូបចងចាំមិនភ្លេច នូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ជារបបដ៏ឃោរឃៅ និងខ្មៅងងឹត, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអ្នកតស៊ូរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍នេះ បានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ សូមចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ។
តាមរយៈសំណេរលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចបានបង្ហោះរូបថតអមដោយខ្លឹមសារដូច្នេះថា «ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។
ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ សូមចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត»៕

អត្ថបទដែលជាប់ទាក់ទង