ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិវាជាតិនៃការចងចាំ២០ឧសភាធ្វើឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបចងចាំមិនភ្លេចនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត បើទោះបីកន្លងផុតទៅ៤៦ឆ្នាំហើយក្តី

23

ភ្នំពេញ៖ក្នុងឧិកាសខួបលើកទី៨នៃទិវាជាតិនៃការចងចាំថ្ងៃទី២០ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញបាននិមន្តព្រះសង្ឃចំនួន១០៨អង្គ បង្សុកូលរាប់ បាត្រនៅ មជ្ឍមណ្ឌលប្រល័យពូជសាសន៏ជើងឯកសង្កាត់ជើងឯកខណ្ឌដង្កោដើម្បីឧទិ្ទសកុសលជូនវិញ្ញាណខន្ធ័ជនរងគ្រោះស្លូតត្រង់ជាង៣លាននាក់ដែលត្រូវបានពួក ប៉ុល ពត កាប់សម្លាប់យ៉ាងរង្គៀលប្រែក្លាយប្រទេសកម្ពុជាជាគំនរឆ្អឹង ស្ទឹងទឹកភ្នែក បន្សល់ទុកជនជរា,ស្រ្តីមេម៉ាយ,ក្មេងកំព្រា ហេដ្ឋារចនាសម្ពន្ធ័ជាតិទាំងមូលត្រូវបានបំផ្លាញដល់ក្រោមសូន្យ។
ពិធីនេះក្រោមអធិបតីឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជានៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
ប្រជាជនកម្ពុជាគ្រប់រូបនៅតែចងចាំមិនភ្លេចចំពោះសោដនារបស់ពួកឃាដករ អាវខ្មៅរយះពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនេះឡើយទោះបីស្រមោលអន្ទកាលនេះបានកន្លងផុតទៅជាង៤៦ឆ្នាំទៅហើយក្តី។
ក្នុងសារលិខិតរបស់សម្តេចមហា បវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឧិកាសខួបលើកទី៨នៃទិវាជាតិនៃការចងចាំនៅថ្ងៃទី២០ឧសភាឆ្នាំ២០២៥ដែលអានដោយឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានគូសបញ្ជាក់ថា៖ ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ។
ឯកឧត្ដមឃួង ស្រេង បញ្ជាក់ថា៖រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអនុម័តយកថ្ងៃទី២០ ខែឧសភា ជា «ទិវាចងកំហឹង» កាលពី ថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ ដើម្បីជាការចងកំហឹងចំពោះ «បនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវសំផន» ដែលបានកាប់សម្លាប់ ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជា រៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៨៤ មក។ ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានប្តូរពី «ទិវាចងកំហឹង» ទៅជា «ទិវាជាតិនៃការចងចាំ»ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ លេខ១៩ អនក្រ.បក កំណត់យកថ្ងៃទី២០ ខែឧសភា នេះជា «ទិវាជាតិនៃការចងចាំ» វិញ។មូលហេតុនៃការកំណត់យកថ្ងៃ ២០ ឧសភា ជាទិវាជាតិនៃការចងចាំ មានពីរ៖ ទី១-ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃបង្កើត សហករណ៍ ដើម្បីប្រមូលផ្តុំប្រជាជនធ្វើការងារក្រុមសាមគ្គី ដោយលុបបំបាត់កម្មសិទ្ធិ ឯកជន នៅក្នុងតំបន់មួយចំនួនដែលហៅថាតំបន់រំដោះ ដែលស្ថិតក្រោមការគ្រប់គ្រងនៃកងទ័ពរំដោះខ្មែរក្រហម។ គោលនយោបាយនេះត្រូវបានចាប់ផ្តើមអនុវត្តជាថ្មីឡើងវិញនៅឆ្នាំ១៩៧៦ បន្ទាប់ពីខ្មែរក្រហមឡើងគ្រប់គ្រង អំណាចចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ទី២-មុនពេលឈានដល់ថ្ងៃ ជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពោលគឺ នៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៤ ក្រុមមេ ដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត និង នួន ជា បានរៀបចំផែនការនិងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាទ្រង់ទ្រាយធំ ដែលក្នុងនោះ រួមមាន ការជម្លៀសដោយ បង្ខំពីទីក្រុងនិងភូមិនានា ពលកម្មដោយបង្ខំ និងការធ្វើបាបនៅតាមការដ្ឋានការងារនិងសហករណ៍ ការចាប់ខ្លួន តាមអំពើចិត្ត ការធ្វើទារុណកម្ម ការបាត់ខ្លួននិងការសម្លាប់ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរើសអើង ប្រឆាំងនឹងក្រុមមនុស្សមួយចំនួនដែលពួកគេចាត់ទុកថាជាខ្មាំង។
ទិវាជាតិនៃការចងចាំ បានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ ជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងបានលើកកម្ពស់ការផ្សព្វផ្សាយ និងការយល់ដឹងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ក៏ដូចជាទប់ស្កាត់និងបង្ការកុំឱ្យរបបឃោរឃៅ ព្រៃផ្សៃ និងប្រល័យពូជសាសន៍បែបនេះកើតមាន ឡើងសាជាថ្មី។
ដូច្នេះ ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ យើងទាំងអស់ត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យ កាន់តែរីកចម្រើនទៅមុខទៀត ដោយហេតុថា បើគ្មានសន្តិភាព គឺមានសង្គ្រាម ហើយសង្គ្រាមនឹងធ្វើឱ្យប្រទេស ជាតិកាន់តែក្រីក្រ អសន្តិសុខ គ្មានស្ថិរភាព គ្មានការអភិវឌ្ឍ អាចនិយាយបានថាសន្តិភាព គឺមានសក្តានុពល និង សកម្មភាពគ្រប់យ៉ាងដើម្បីការរីកចម្រើនទៅមុខរបស់ប្រទេសជាតិ។
តាមរយៈការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ដោយឈរលើស្មារតីសាមគ្គីភាព និងឯកភាពជាតិក្នុងគោលដៅ បង្រួបបង្រួមប្រជាជាតិទាំងមូល ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់ សង្គ្រាមរាំរ៉ៃដោយពុំមានការបង្ហូរឈាមជាតិសាសន៍ឯង សំដៅស្តាឡើងវិញ រក្សាបាននូវសន្តិសុខនិងសុខសន្តិភាព ជូនប្រជាជន ហើយជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ ស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនកម្ពុជា។
ជាង៣ទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ខ្ពង់ខ្ពស់ និងប៉ិនប្រសប់របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកនយោបាយឈ្នះ ឈ្នះ បានប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ជា ប្រទេសមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ឯករាជ្យជាតិ និងអធិបតេយ្យភាពពេញបរិបូរណ៍ ដែល មិនធ្លាប់មានជាង៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រចុងក្រោយនេះ។ ក្រោមដំបូលនៃសុខសន្តិភាព ជនរងគ្រោះពីអំពើ ឧក្រិដ្ឋកម្មទាំងឡាយដែលបានប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហមទទួលបានយុត្តិធម៌តាមរយៈការជំនុំជម្រះក្តី នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ។ កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ដែលរស់រាន មានជីវិតនិងអ្នកបានបាត់បង់ជីវិតក្តី ក៏ត្រូវបានស្តាឡើងវិញ និងទទួលបានការប៉ះប៉ូវចំពោះការឈឺចាប់ខាងផ្លូវចិត្ត និងផ្នែកសង្គម។
នាថ្ងៃប្រារពទិវាជាតិនៃការចងចាំនេះដែរបានរៀបចំពិធីសាសនាត្រូវបានធ្វើឡើងនៅចំពោះ មុខស្តូបតំកល់អធិធាតុជាងមួយម៉ឺននាក់ដែលបានគាស់ចេញពីរណ្តៅសពរួមនៅ មជ្ឍមណ្ឌលប្រល័យពូជសាសន៏ជើងឯកសង្កាត់ជើងឯកខណ្ឌដង្កោដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រារព្វធ្វើពិធីបង្សុកូលជារៀងរាល់ឆ្នាំដើម្បីឧទ្ទិសកុសលជូនជនរងគ្រោះដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៏ក្នុងរបបវាលពិឃាដខ្មែរក្រហម៕

អត្ថបទដែលជាប់ទាក់ទង