លោកអធិការនគរបាលខណ្ឌឬស្សីកែវ បាននាំយកថវិកាមួយចំនួនផ្តល់ជូនប្រជាការពារសង្កាត់ ដែលរងរបួសដោយជនញៀនថ្នាំ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បាននាំយកថវិកាមួយចំនួន ផ្តល់ជូនប្រជាការពារសង្កាត់ ដើម្បីជាការលើកកម្លាំងលើកទឹកចិត្ត បន្ទាប់ពីចុះជួយចាប់ជនញៀនថ្នាំ ដោយទទួលរងរបួស ដោយសារជនបង្ក បានយកគល់អូសគប់ត្រូវ ក្នុងនោះ លោកអធិការអរគុណបងប្អូនប្អូនប្រជាការពារ និងកម្លាំងផ្សេងទៀត ដែលបានសហការជាមួយកម្លាំង ចុះអន្តរាគមន៍ចាប់ជនញៀនថ្នាំ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដោយដឹកនាំដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ និងមានការចូលរួមពី៖ លោកវរសេនីយ៍ទោ ផល មេសា អធិការរង លោកវរសេនីយ៍ទោ ស្វាយ បូរ៉ា អធិការរងនិងលោកនាយប៉ុស្តិ៍នគរបាល គីឡីម៉ែត្រលេខ៦ និងច្រាំងចំរេះទី២ មន្រ្តីប៉ុស្តិ៍ និងប្រជាការពារសង្កាត់ បានធ្វើការបង្ក្រាបករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះកំពុងសាងសង់ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ ប៉ាន់ ពៅពន្លក បានតដៃជាមួយកម្លាំងនគរបាល និងប្រជាការពារ បណ្តាលអោយរងរបួសកងកម្លាំង ចំនួន៤នាក់ និងម៉ូតូខូចខាត ចំនួន៣គ្រឿង។ ជនសង្ស័យខាងលើត្រូវបានខាងសាលាខណ្ឌឬស្សីកែវ បញ្ជូនទៅមណ្ឌលឱកាសខ្ញុំ ដើម្បីព្យាបាល បន្សាបថ្នាំញៀន៕