ក្រុមហ៊ុនអាកាសចរណ៍កាតា នឹងភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងផ្តល់អត្ថប្រយោជន៍ដល់វិនិយោគិន
ភ្នំពេញ៖ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង
ទេសចរណ៍បានអនុញ្ញាតឲ្យលោក Boru Tilahun Ejetta អ្នកគ្រប់គ្រងតំបន់ឥណ្ឌូចិនក្រុមហ៊ុនអាកាសចរណ៍កាតា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួបបានពិភាក្សា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា ជាមួយក្រុមហ៊ុនអាកាសចរណ៍កាតា ការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ក្រុមហ៊ុនអាកាសចរណ៍កាតា និងកិច្ចសហប្រតិបត្តិការលើ ការផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកិច្ចសហការក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជា តាមរយៈសម្ភារៈផ្សព្វផ្សាយទេសចរណ៍ លើយន្តហោះមានដូចជា ទស្សនាវដ្ដី និងបណ្ណផ្នត់ និងផ្សព្វផ្សាយវីដេអូទេសចរណ៍ក្នុងជើងហោះហើរផងដែរ។
ជាលទ្ធផលនៃជំនួបដ៏មានសារៈសំខាន់ និងផ្លែផ្កានេះ ក្រុមហ៊ុនអាកាសចរណ៍កាតា នឹងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ពិសេសនៅខេត្តសៀមរាប ដើម្បីជំរុញលំហូរភ្ញៀវរវាងប្រទេសទាំងពីរ និងភ្ញៀវមកពីប្រទេសទីបី។
ជាមួយគ្នានេះ ក្រុមហ៊ុននឹងសហការជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា អំឡុងពេលរដូវកាលបៃតង (Green Season) និងការតភ្ជាប់ជើងហោះហើរទៅកាន់ តំបន់សក្តានុពលទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដោយបង្កើតកម្មវិធីប្រម៉ូសិនបញ្ចុះតម្លៃជើងហោះហើរចូលមកកម្ពុជា និងសហការផលិតវីឌីអូខ្លីៗ អំពីរដូវកាលបៃតងនូវកម្ពុជា ក៏ដូចជាគោលដៅទេសចរណ៍ Muslim Friendly ផ្សព្វផ្សាយក្នុង Page ឬ Channel របស់ក្រុមហ៊ុនផងដែរ៕