សម្ដេចតេជោ កើតមកគឺដើម្បីពលិកម្មសម្រាប់ប្រទេសជាតិតែម្ដង!
ភ្នំពេញ៖ឯកឧត្ដមជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា សម្រាប់រូបលោកមើលឃើញថា សម្ដេចតេជោ កើតមកគឺដើម្បីពលិកម្មសម្រាប់ប្រទេសជាតិតែម្ដង។ ហើយរហូតមកដល់ពេលនេះ បើទោះជាសម្ដេចតេជោ មិនកាន់តួរនាទីជានាយករដ្ឋមន្រ្តីទៀតក៏ដោយ ប៉ុន្តែសម្ដេចមិនដែលភ្លេចពីការគិតគូរដល់ប្រទេសជាតិមួយវិនាទីណាឡើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានបន្ថែមទៀតថា ការលះបង់របស់សម្ដេចតេជោ សម្រាប់ប្រទេសកម្ពុជា និងការចូលរួមចំណែកដោះស្រាយបញ្ហានៅក្នុងតំបន់កន្លងមក ក្នុងអាណត្តិដឹកនាំប្រទេសរបស់សម្ដេច បានធ្វើឱ្យសម្ដេចទទួលបានការផ្ដល់តម្លៃយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ ។ ហើយមកដល់ពេលនេះ មានប្រទេសជាច្រើនបានអញ្ជើញសម្ដេច ទៅថ្លែងបាឋកថា ចែករំលែកចំណេះដឹងដឹកនាំប្រទេសរបស់សម្ដេច នៅប្រទេសរបស់គេ។
ទាំងអស់នេះហើយ ជាការឆ្លើយតបទៅកាន់អ្នកដែលតែងតែប្រឆាំង និងមិនឱ្យតម្លៃចំពោះការដឹកនាំរបស់សម្ដេច នាពេលកន្លងមក ហើយក៏ជាការបង្ហាញទៅកាន់ឆាកអន្តរជាតិថា បើទោះជាប្រទេសកម្ពុជាតូច សេដ្ឋកិច្ចរបស់កម្ពុជាមិនធំដូចប្រទេសដទៃ ប៉ុន្តែសមត្ថភាព និងភាពឆ្លៀតឆ្លាតរបស់កម្ពុជាមិនតិចជាងគេនោះទេ៕