ហ្វីលីពីន និងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធរួមគ្នា នៅតំបន់សមុទ្រចិនខាងត្បូង
ក្រុងម៉ានីល៖យោធាហ្វីលីពីន បានឱ្យដឹងនៅថ្ងៃពុធ ទី២១ ខែឧសភាថាឆ្មាំសមុទ្រហ្វីលីពីន និងសហរដ្ឋអាមេរិកបានចូលរួមជាលើកដំបូងក្នុងការធ្វើសមយុទ្ធជើងទឹករួមគ្នាមួយ ជាមួយកងទ័ពជើងទឹក និងកងទ័ពអាកាសនៃប្រទេសទាំង២ នៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
សមយុទ្ធខាងលើបានធ្វើឡើងកាលពីថ្ងៃអង្គារ ទី២០ ខែឧសភា នៅក្នុងដែនទឹកនៃខេត្ត Palawan និងខេត្ត Occidental Mindoro ដោយមានការចូលរួមពីកងទ័ពជើងទឹក អាកាស និងឆ្មាំសមុទ្រហ្វីលីពីន រួមជាមួយឆ្មាំសមុទ្រអាមេរិក U.S. Coast Guard Cutter Stratto និងយន្ដហោះល្បាតសមុទ្រអាមេរិក P-8A Poseidon។
សមយុទ្ធរវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ធ្វើឡើងចំពេលទីក្រុងម៉ានីលកំពុងមានភាពតានតឹងជាមួយចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងក្នុងបរិបទដែលហ្វីលីពីនកំពុងពង្រឹងទំនាក់ទំនងយោធាជាមួយបណ្ដាប្រទេសលោកខាងលិច ជាពិសេសគឺជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកតួយ៉ាងដូចជាជប៉ុន និងអូស្ត្រាលីជាដើម៕