ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិន២នាក់ប្រើឧបករណ៍ផ្ដាច់តេឡេឡានបើកទ្វារយកទ្រព្យសម្បត្តិ, ត្រូវនគរបាលចាប់ខ្លួននៅខណ្ឌមានជ័យ

17


ភ្នំពេញ៖ជនសង្ស័យជនជាតិចិន២នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបន្ទាប់ពីលួចគាស់ទ្វាររថយន្ដ ដើម្បីលួចយកទ្រព្យសម្បត្តិរបស់អ្នកដទៃ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួននេះ ពួកគេបានប្រើប្រាស់ឧបករណ៍ម្យ៉ាងសម្រាប់បញ្ជាផ្ដាច់សេវា និងផ្ដាច់តេឡេរថយន្ដរបស់អ្នកដទៃ ដើម្បីលួចបើកទ្វារយកទ្រព្យសម្បត្តិ ដោយមិនត្រូវប្រើពេលយូរក្នុងការគាស់ទ្វារ ឬវាយបំបែកកញ្ចក់ឡាននោះឡើយ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលទទួលបានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់នេះ ត្រូវចាប់ខ្លួននៅថ្ងៃទី២២ខែឧសភា ឆ្នាំ២០២៥នេះ ដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ។
ជនសង្ស័យជនជាតិចិនទាំងពីរនាក់ រួមមាន ឈ្មោះ LIANG JING DIAN ឆ្នាំកំណើត១៩៨៧ និងឈ្មោះ LIANG SHAO MIN ឆ្នាំកំណើត១៩៨០។ ពួកគេបានធ្វើសកម្មភាពបើកទ្វាររថយន្តលួចសម្ភារៈ និងអាវុធខ្លីចំនួន១ដើម ប្រព្រឹត្តនៅចំណុចចំណតរថយន្តក្នុងផ្សារទំនើបអ៊ីអនមានជ័យ សង្កាត់ចាក់អង្រែក្រោយ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។
នៅពេលចាប់ខ្លួនសមត្ថកិច្ចដកហូតបាន អាវុធខ្លីមួយដើម ម៉ាក BERETTA ពណ៌ខ្មៅ និងគ្រាប់ចំនួន១៣គ្រាប់ (ជារបស់ជនរងគ្រោះ) និបឧបករណ៍សម្រាប់ផ្តាច់សេវា ឬប្រពន្ធ័បញ្ជា ចំនួន១គ្រឿង (មធ្យោបាយធ្វើសកម្មភាព)។ បច្ចុប្បន្នការិយាល័យកំពុងសាកសួរ និងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង