កូនប្រុសច្បងរបស់លោក ត្រាំ និយាយថា «អាចថ្ងៃណាមួយ» លោកនឹងឈរឈ្មោះជាប្រធានាធិបតី


វ៉ាស៊ីនតោន៖លោក Donald Trump Jr. កូនប្រុសច្បងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធ ទី២១ ខែឧសភា ថា លោកអាចនឹងឈរឈ្មោះជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃណាមួយនាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចកាតានៅទីក្រុងដូហា លោក Trump Jr. អាយុ ៤៧ឆ្នាំ ត្រូវបានសួរថា តើលោកនឹងឈរឈ្មោះដែរឬទេ បន្ទាប់ពីឪពុករបស់លោកចាកចេញពីតំណែង។ លោកបានឆ្លើយថា លោក «មិន ដឹង ទេ» ប៉ុន្តែ «ប្រហែលជា ថ្ងៃ ណា មួយ»។ លោក បាន បញ្ជាក់ ថា មាន គេ ចង់ ឲ្យ លោក ធ្វើ អ៊ីចឹង ហើយ លោក នឹង «តែងតែ ចេញ មុខ គាំទ្រ រឿង ទាំងនេះ ខ្លាំងៗ»។
គួរបញ្ជាក់ថា លោក Donald Trump Jr. បាន លេចធ្លោ ជា កម្លាំង នយោបាយ ម្នាក់។ Reuters កាលពី ខែ វិច្ឆិកា កន្លង ទៅ បាន ចាត់ទុក លោក ថា ជា សមាជិក គ្រួសារ Trump មាន ឥទ្ធិពល បំផុត ក្នុង ការ រៀបចំ គណៈរដ្ឋមន្ត្រី អាណត្តិ ទីពីរ របស់ ឪពុក លោក។ ប្រភពបាននិយាយថា លោកបានដើរតួនាទីក្នុងការជ្រើសរើស ឬរារាំងបេក្ខជនក្នុងគណៈរដ្ឋមន្ត្រី រួមទាំងការគាំទ្រលោក JD Vance ឲ្យធ្វើជាអនុប្រធានាធិបតី និងការរារាំងអតីតរដ្ឋមន្ត្រីការបរទេស Mike Pompeo។
ការបង្ហាញពីមហិច្ឆតានេះ អាចនឹងត្រួសត្រាយផ្លូវសម្រាប់រាជវង្សនយោបាយ Trump បន្តទៀត និងមានឥទ្ធិពលយ៉ាងខ្លាំងដល់ទិសដៅអនាគតរបស់គណបក្សសាធារណរដ្ឋ៕