ការ វាយប្រហារ អត្តឃាតលើរថយន្តសាលាមួយ នៅ ប៉ាគីស្ថាន សម្លាប់ មនុស្ស ៥ នាក់ , ចោទថាឥណ្ឌានៅពីក្រោយ
អ៊ីស្លាម៉ាបាដ៖យ៉ាងហោចណាស់កុមារបីនាក់ស្ថិតក្នុងចំណោមមនុស្សប្រាំនាក់ដែលត្រូវបានសម្លាប់ នៅថ្ងៃពុធ ទី២១ ខែឧសភា នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ បានវាយប្រហាររថយន្តក្រុងរបស់សាលា ដែលគ្រប់គ្រងដោយកងទ័ពមួយនៅក្នុងខេត្ត Balochistan របស់ប្រទេសប៉ាគីស្ថាន។ នេះគឺជាការវាយប្រហារមួយដែលអាជ្ញាធរប៉ាគីស្ថានបានចោទប្រកាន់ភ្លាមៗ ទៅលើ «ភ្នាក់ងារឥណ្ឌា»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Yasir Iqbal អ្នកគ្រប់គ្រងស្រុក Khuzdar ជាកន្លែងកើតហេតុ បាននិយាយថា មានសិស្សប្រហែល ៤០នាក់នៅលើរថយន្តក្រុង ហើយជាច្រើននាក់បានរងរបួស។ យោធាប៉ាគីស្ថាន និងនាយករដ្ឋមន្ត្រី លោក Shehbaz Sharif បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងចោទប្រកាន់ «ភេរវករដែលគាំទ្រដោយឥណ្ឌា» ថាជាអ្នកនៅពីក្រោយ ដោយសន្យាថានឹងតាមចាប់អ្នករៀបចំផែនការ និងអ្នកប្រតិបត្តិឲ្យខាងតែបាន ទោះបីមិនបានបង្ហាញភស្តុតាងភ្ជាប់ទៅទីក្រុងញូវដេលីក៏ដោយ។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Randhir Jaiswal បានច្រានចោលការចោទប្រកាន់នេះ។ លោកបានថ្លែងថា «ដើម្បីបង្វែរការយកចិត្តទុកដាក់ពីកេរ្តិ៍ឈ្មោះរបស់ខ្លួនថា ជាចំណុចកណ្តាលនៃអំពើភេរវកម្ម… វាបានក្លាយជាទម្លាប់សម្រាប់ប៉ាគីស្ថាន ក្នុងការស្តីបន្ទោសឥណ្ឌាចំពោះបញ្ហាផ្ទៃក្នុងទាំងអស់»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរដែលមានអាវុធនុយក្លេអ៊ែរ បានតានតឹងជាច្រើនទសវត្សរ៍មកហើយ ដោយមានការចោទប្រកាន់គ្នាទៅវិញទៅមកពីការគាំទ្រចលនាសកម្មប្រយុទ្ធ ដែលភាគីទាំងពីរបានបដិសេធ។ ការ កើនឡើង ភាព តានតឹង ផ្នែក យោធា ចុងក្រោយ នេះ កើតឡើង បន្ទាប់ពី ឥណ្ឌា បាន ចោទ ប៉ាគីស្ថាន ថា បាន គាំទ្រ ការ វាយប្រហារ លើ ភ្ញៀវទេសចរ នៅ តំបន់ កាស្មៀរ ដែល ជា ការ ចោទប្រកាន់ ប៉ាគីស្ថាន បាន ច្រានចោល៕