ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៉ី បាញ់ទម្លាក់ដ្រូន ១០៥គ្រឿងរបស់អ៊ុយក្រែន ក្នុងនោះ ៣៥គ្រឿងហោះឆ្ពោះមកកាន់ទីក្រុងមូស្គូ

19

ក្រុងមូស្គូ៖រុស្ស៉ី បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភាថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនអ៊ុយក្រែនចំនួន ១០៥គ្រឿងលើតំបន់រុស្ស៉ី រួមទាំង ៣៥គ្រឿង ដែលចេញដំណើរឆ្ពោះមកទីក្រុងមូស្គូ បន្ទាប់ពីបាញ់ទម្លាក់បានជាង ៣០០គ្រឿងកាលពីថ្ងៃពុធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមក្រសួងការពារជាតិរុស្ស៉ី ដ្រូនទាំង ១០៥គ្រឿងត្រូវបានបាញ់ទម្លាក់ លើតំបន់មួយចំនួន កាលពីយប់រំលងអធ្រាត្រ និងព្រឹកថ្ងៃព្រហស្បតិ៍នេះ។ អភិបាលក្រុងមូស្គូ លោក Sergei Sobyanin និយាយថា មានដ្រូនជាច្រើនគ្រឿង បាញ់ឆ្ពោះមកកាន់រដ្ឋធានី រួមជាមួយតំបន់ជុំវិញមានប្រជាជនចំនួន ២១លាននាក់។ ក្រសួងការពារជាតិ បានឱ្យដឹងទៀតថា កងកម្លាំងរបស់ខ្លួនកំពុងឈានទៅមុខ នៅចំណុចសំខាន់ៗនៃតំបន់ជួរមុខ ហើយអ្នកសរសេរប្លុកគាំទ្រសង្គ្រាមរុស្ស៉ី បាននិយាយថា រុស្ស៉ីទម្លុះបានខ្សែការពារនៅទីក្រុង Pokrovsk និង Kostiantynivka ក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន។
គួរបញ្ជាក់ថា ស្របពេលដែលមហាអំណាចនានា កំពុងរកវិធីបិទបញ្ចប់ សង្រ្គាមនៅអ៊ុយក្រែនកាន់តែក្តៅគគុក។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ទទួលស្គាល់ថា តំបន់ប្រយុទ្ធខ្លាំងក្លាបំផុតគឺនៅជុំវិញទីក្រុង Pokrovsk តែមិនបាននិយាយពីសមត្ថភាពវាយលុករបស់រុស្ស៉ីនោះទេ៕

អត្ថបទដែលជាប់ទាក់ទង