ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្តេចស៊ុលតង់ប្រ៊ុយណេ ចូលមន្ទីរពេទ្យនៅកូឡាឡាំពួ ក្រោយមានអារម្មណ៍មិនស្រួលក្នុងពេលប្រជុំអាស៊ាន

14


កូឡាឡាំពួរ៖នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយនៅថ្ងៃអង្គារនេះថា ស្តេចស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ (Sultan Hassanal Bolkiah) នៃប្រទេសប្រ៊ុយណេ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងកូឡាឡាំពួ ដើម្បី «សម្រាក» បន្ទាប់ពីព្រះអង្គមានអារម្មណ៍អស់កម្លាំងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែឧសភា ឆ្នាំ២០២៥។
លោក អាន់វ៉ា ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីថាតើពិតទេ ស្តេចស៊ុលតង់ព្រះជន្ម ៧៨ព្រះវស្សា កំពុងព្យាបាលនៅវិទ្យាស្ថានជាតិបេះដូង (National Heart Institute) ក្នុងទីក្រុងកូឡាឡាំពួ? លោកបានឆ្លើយ បញ្ជាក់ថា ពិតមែន ប៉ុន្តែ មិន បាន ប្រាប់ ឲ្យ លម្អិតបន្ថែមពីស្ថានភាពព្រះរាជសុខភាពរបស់ទ្រង់ឡើយ។
គួរបញ្ជាក់ថា ស្តេចស៊ុលតង់ ហាសសាណាល់ បុលគីយ៉ាស់ បានគ្រងរាជ្យនៅប្រទេសប្រ៊ុយណេដែលសម្បូរប្រេងនៅលើកោះ Borneo តាំងពីឆ្នាំ ១៩៦៧។ ព្រះអង្គធ្លាប់ជាបុគ្គលមានបំផុតនៅលើពិភពលោក ហើយនៅតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ទោះបីជាមានការកាន់អំណាចយ៉ាងរឹងមាំនៅក្នុងប្រទេសដែលមានប្រជាជនជិតកន្លះលាននាក់ក៏ដោយ។ ក្រោមការដឹកនាំរបស់ព្រះអង្គ ប្រ៊ុយណេទទួលបានឯករាជ្យពេញលេញពីចក្រភពអង់គ្លេស និងមានការរីកចម្រើនផ្នែកកម្រិតជីវភាពរស់នៅខ្ពស់មួយនៅអាស៊ី៕

អត្ថបទដែលជាប់ទាក់ទង