ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវថ្មើរជើងចតុមុខ គ្រោងនឹងបើកសម្ពោធជាផ្លូវការនាថ្ងៃទី២១ខែមិថុនាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត

57


ភ្នំពេញ៖ផ្លូវថ្មើរជើងចតុមុខ (Walk Street) គ្រោងនឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតក្រោយពីផ្លូវថ្មើរជើងនេះបានបើកឱ្យដំណើរការជាបណ្តោះអាសន្នអស់ជាង៤ខែ ហើយទទួលបានការគាំទ្រនិងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ដោយពួកគាត់មកដើរលែងកំសាន្តយ៉ាងកុះករ ក្នុងទឹកមុខសប្បាយរីករាយ ជាមួយនឹងចំណីអាហារ ត្រូវបានរៀបចំកាន់តែសម្បូរបែបពីមួយសប្តាហ៍ទៅមួយសប្តាហ៍។
ការបញ្ជាក់ពីគម្រោងនៃការបើកសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ(Walk Street) នេះបានធ្វើឡើងក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៨ឧសភានេះ ក្រោមអធិបតីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ផ្លូវថ្មើរជើងចតុមុខ (Walk Street) ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្នប៉ុន្មានខែនេះពិតជាទទួលបានការគាំទ្រនិងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។ផ្លូវថ្មើរជើងនេះ នឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិត ទៅតាមសំណើររបស់រដ្ឋបាលរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីបានបញ្ជាក់ផងដែរថា៖ ការបង្កើតឱ្យមានកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាក្នុងការជ្រើសរើសយកទីតាំងនៃការកាត់ខ្សែបូរណ៍សម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ។ការត្រៀមលក្ខណៈសព្វបែបយ៉ាង ទាំងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំកំពូលរបស់យើង ដោយគិតទាំងការរៀបចំ អនាម័យបរិស្ថាន ការសម្ដែងសឹល្បៈក៏ឱ្យធំហើយល្អប្រសើរជាងមុន សំខាន់ទីតាំងលើផ្លូវថ្មើរជើងចតុមុខ (Walk Street) ដាច់ខាតត្រូវតែស្អាត មានបរិស្ថានល្អ។
ឯកឧត្តម ឃួង ស្រេង បានបន្ថែមទៀតថា៖ កិច្ចការងារនេះ យើងនឹងត្រូវរៀបចំការប្រជុំច្រើនដងទៀត ជាមួយនិងការរៀបចំក្រុមការងារដើម្បីរៀបចំ,ការផ្សព្វផ្សាយព័ត៌មាន ,ការបែងចែកភារកិច្ចគ្នាឱ្យបានច្បាស់លាស់ ,ការរៀបចំតុបតែងភ្លើងចម្រុះពណ៌ និងសំអាតបរិស្ថានជាដើម។
គួរបញ្ជាក់ថា៖ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង