ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រតិភូខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ, ខណ្ឌបឹងកេងកង និងខណ្ឌចំការមន នាំយកអំណោយទៅចែកជូនកងទ័ព វរ:៣៩២ ឈរជើងតំបន់ប្រាសាទព្រះវិហារជាការលើកទឹកចិត្តកងទ័ព

41

ព្រះវិហារ៖កាលពីរសៀលថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ ២០២៥ ប្រតិភូខណ្ឌ ចំនួន៤ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ, លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន លោក សេង គន្ឋ អភិបាលខណ្ឌមានជ័យ និងលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកងបានដឹកនាំគណៈប្រតិភូ អញ្ជើញទៅសួរសុខទុក្ខ និងនាំយកនូវសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅចែកជូនដល់កម្លាំងយោធាដែលកំពុងឈរជើង នៅសមរភូមិខេត្តព្រះវិហារនោះ គឺអង្គភាពវរ:សេនាតូចលេខ ៣៩២ ចំណុះកងពលតូចអន្តរាគមន៍លេខ៩ ដែលឈរជើងបំពេញបេសកម្មការពារបូរណភាពទឹកដី នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតនៅភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ ។
សកម្មភាពចែកអំណោយដល់កងទ័ព ដែលកំពុងឈរជើងការពារទឹកដីខាងលើនេះ បានបង្ហាញពីការយកចិត្ត និងគាំទ្រពីសមរភូមិខាងក្រោយ ចំពោះសមរភូមិខាងមុខ។ ដោយឡែកអភិបាលរាជធានីភ្នំពេញ ឯកឧត្ដមឃួង ស្រេង បានដឹកនាំគណៈប្រតិទៅកាន់ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ២០១៥នេះ។
នៅចំពោះមុខកម្លាំងទាហានទាំងអស់ លោកអភិបាលទាំង ៤ខណ្ឌ បានលើកឡើងនូវចំពោះមុខកងទ័ពថា ប្រទេសកម្ពុជា បាននិងកំពុងវិវត្តរីកចម្រើនទៅមុខ ក្រោមម្លប់ដ៏ត្រជាក់ នៃសុខសន្តិភាពពេញផ្ទៃប្រទេស ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី បាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ គិតមកដល់ពេលនេះ មានរយៈពេលជាង ២៥ឆ្នាំមកហើយ។ មរតកសន្តិភាពដ៏ពិសិដ្ឋិនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និងបានផ្តល់នូវកាលានុវត្តភាពដ៏ធំធេង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាពលើគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត ហើយសមិទ្ធផលទាំងនេះ បាននិងកំពុងជំរុញលើកទឹកចិត្តដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយជវភាព ចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង និងសម្លឹងឆ្ពោះទៅមុខប្រកបដោយក្តីសង្ឈឹម ភាពជឿជាក់ និងឆន្ទៈមោះមុត ដោយបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អជាស្នូល សំដៅឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។
នាឱកាសនោះដែរ ប្រតិភូ បាននាំយកអំណោយ ផ្តល់ជូនវរ:សេនាតូចលេខ ៣៩២ នូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដល់រវៈកងទ័ពដែលកំពុងឈរជើងការពារទឹកដីដ៏អង់អាច ៕

អត្ថបទដែលជាប់ទាក់ទង