មន្ទីរសាធារណការរាជធានីនិងរដ្ឋបាលខណ្ឌ៣នាំយកអំណោយផ្តល់ជូនកងទ័ពកំពុងឈរជើង នៅសមរភូមិខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ ,តំណាងលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនិងតំណាងលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅសួរសុខទុក្ខ និងនាំយកនូវសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅចែកជូនដល់កម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនលេខ ៧៩៣ ដែលកំពុងឈរជើង នៅសមរភូមិខេត្តព្រះវិហារ ។
អំណោយដែលនាំយកទៅចែកជូនកងទ័ពខាងលើនេះរួមមាន៖ ថវិកា មី ស្រាបៀរ ទឹកក្រូច ទឹកសុទ្ធ ទឹកត្រីបង្កង ទឹកស៊ីអ៊ីវសណ្តែកសៀង សរុបជាទឹកប្រាក់ចំនួន១៧៤៧៨០០០រៀល។ ឧបត្ថម្ភៈជាសម្ភារប្រើប្រាស់មានចបកាប់ ដែកស្បែង ពូថៅ កាំបិតផ្គាក់ ត្រសេះ ញញូរ ប៉ែល បង្គំ សរុបទឹកប្រាក់ចំនួន៧៥៨០០០០រៀល។ ឧបត្ថម្ភៈជាថវិកាជូនអង្គភាព និងកងកម្លាំងនគរបាលចំនួន ៩លានរៀល ។ ជាមួយគ្នានេះ ដោយមានសំណូមពរពីមេបញ្ជាការ ក្រុមប្រតិភូនឹងជួយសាងសង់ផ្លូវបេតុងចូលបន្ទាយប្រវែង ៨៥ម ទទឹង ១០ម ផងដែរ បន្ថែមលើការផ្តល់អាងទឹកបេតុងចំនួន ៤ នៅទីតាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ។
បន្ទាប់មក ក្រុមប្រតិភូក៏បានចូលរួមគោរពវិញ្ញាណខ័ន្តសពលោកព្រិន្ទបាលឯក សួន រោន នៅបញ្ជាការដ្ឋានកងពលតូចលេខ ៩ ព្រមទាំងបច្ច័យបុណ្យសពចំនួន ២លានរៀល ។