ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គបញ្ជាការកងទ័ពជើងគោក ចេញសេចក្តីថ្លែងការណ៍ជុំវិញជំនួបចរចាររវាងកម្ពុជា-ថៃ ពាក់ព័ន្ធព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពប្រទេសទាំង២

26

ភ្នំពេញ៖អគ្គបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីថ្លែងការណ៍ជុំវិញជំនួបចរចាររវាងកម្ពុជា-ថៃ ពាក់ព័ន្ធព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពប្រទេសទាំង២ ដែលបានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះរវាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ Pana Klaewblaudtuk មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃ បានជួបចរចានៅការិយាល័យ ទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់។
នៅក្នុងសេចក្តីថ្លែងការណ៍របស់អគ្គបញ្ជាការកងទ័ពជើងគោក ដែលទទួលបាននៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានឱ្យដឹងទៀតថា នៅក្នុងជំនួបចរចាទទួលបានលទ្ធផលដូចខាងក្រោម៖
១៖ ភាគីទាំងពីរ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជាគណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ដើម្បីឱ្យ ព្រំដែនប្រទេសយើងទាំងពីរ ក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍ។
២៖ ភាគីទាំងពីរ បន្តគ្រប់គ្រងស្ថានការណ៍តាមស្ថានភាពដើម រក្សាភាពអត់ធ្មត់ និងដោះស្រាយរាល់បញ្ហាតាមរយៈគណៈកម្មាធិការព្រំដែនចម្រុះ (JBC) ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈ ពេល២ ឬ៣សប្ដាហ៍ខាងមុខ ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
៣៖ ភាគីកម្ពុជា ស្នើឱ្យមានការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក ធ្វើយ៉ាងណាកុំឱ្យមានអរិភាពដូចព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
៤៖ ភាគីកម្ពុជា នឹងមិនដកថយ ឬឈរជើងដោយគ្មានអាវុធ នៅចំណុចដែលបាន ប៉ះទង្គិចគ្នានោះទេ ព្រោះទីតាំងនោះភាគីកម្ពុជាបានឈរជើងតាំងពីមុនពេលចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិងខណ្ឌសីមាព្រំដែនគោករវាង កម្ពុជា-ថៃ។
ភាគីទាំងពីរបានឯកភាព និងទទួលយកនូវចំណុចទាំងបួនខាងលើ ហើយកិច្ចចរចា
ត្រូវបានបញ្ចប់នៅវេលាម៉ោង១៦:១៥នាទី នាថ្ងៃដដែល៕

អត្ថបទដែលជាប់ទាក់ទង