ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី៖កម្ពុជា មិនមានបំណងឈ្លានពានចូលប្រទេសជិតខាង និងមិនចង់បានទឹកដីប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ

41

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្តត់ផ្គង់កងទ័ពនៅព្រំដែន ប៉ុន្តែការជួយគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង គឺជាការផ្តល់កម្លាំងចិត្តដ៏ធំធេងដល់កងទ័ព។ ការបញ្ជាក់បែបនេះ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញថ្លែងជូនអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា លើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ។
ក្នុងនោះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញ សម្តេចបានចុះទៅជួបដោយផ្ទាល់ជាមួយមេទ័ព និងកម្លាំងទ័ពកម្ពុជា ដែលកំពុងឈរជើងនៅព្រំដែនខេត្តព្រះវិហារ ដោយកងទ័ពកម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីការពារទឹកដី បូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជា មិនមានបំណងឈ្លានពានចូលប្រទេសជិតខាង និងមិនចង់បានទឹកដីប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ។ ប៉ុន្តែ សូមប្តេជ្ញាចិត្តការពារឱ្យបានដាច់ខាតនូវអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ចំណុចនេះ គឺជាការរបស់កងទ័ព និងកងកម្លាំងនគរបាលជាតិកម្ពុជា ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន។
សម្តចបវរធិបតី ហ៊ុន ម៉ាណែត ក៏បាថ្លែងអំណរគុណចំពោះការគាំទ្រដ៏ផុសផុលពីបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី មិនថានៅក្នុងប្រទេស មិនថានៅក្រៅប្រទេសចំពោះការជួយឧបត្ថម្ភគាំទ្រទៅដល់កងទ័ពរបស់យើង កងនគរបាលជាតិ តាមរយៈការបរិច្ចាគធនធាន ថវិកា សម្ភារៈ ស្បៀងអាហារជាច្រើន ជាបន្តបន្ទាប់ ក៏ដូចជាការបញ្ចេញសារគាំទ្រលើបណ្តាញសង្គម និងតាមរយៈគ្រប់រូបភាពផ្សេងៗទៀត ដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពរបស់កម្ពុជា ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន។
សម្តចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ថា ការជួយឧបត្ថម្ភមិនត្រឹមតែស្បៀង មិនត្រឹមតែថវិកានោះទេ ការធានាស្បៀង ការធានាថវិកា រាជរដ្ឋាភិបាលយើងបានធានា ក្រសួងការពារជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានទៅឈរជើងនៅទីនោះ និងថ្នាក់ដឹកនាំក្រសួងការពារជាតិ ខាងភស្តុភាក្រសួងការពារជាតិ ក៏បានធានា យើងមិនឱ្យមានការខ្វះខាតសម្រាប់បងប្អូននោះទេ ប៉ុន្តែ ការជួយគាំទ្របន្ថែមរបស់បងប្អូនប្រជាពលរដ្ឋនេះ មិនត្រឹមតែជាស្បៀង សម្ភារៈ ប៉ុន្តែ គឺជាការលើកទឹកចិត្តសម្រាប់កងទ័ពរបស់យើង ដែលដឹងថាប្រជាពលរដ្ឋយើងនៅគ្រប់ទិសទីនៅពីក្រោយកងទ័ពរបស់យើង ដើម្បីបំពេញកាតព្វកិច្ចការពារទឹកដីរបស់យើងដោយបានជោគជ័យនេះ គឺជាសារធំណាស់សម្រាប់បងប្អូនរបស់យើង»។
បន្ថែមពីនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី សូមអំពាវនាវបន្តគាំទ្រ និងរួមគ្នា ដើម្បីលើកទឹកចិត្តកងទ័ពកម្ពុជា ហើយនៅពេលជាមួយគ្នា និងសូមអំពាវនាវសារជាថ្មី ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនទោះបីជាមាននិន្នាការណាក៏ដោយសូមកុំធ្វើសកម្មភាពណាដែលប៉ះពាល់ដល់ទឹកចិត្តរបស់កម្ពុជា ពីព្រោះពេលនេះ ជាពេលវេលាដែលយើងជាខ្មែរត្រូវរួមគ្នា ដើម្បីត្រៀមលក្ខណៈការពារជាតិ ការពារបូរណភាពទឹកដី ជាពិសេសត្រូវរួមគ្នាឈរពីក្រោយកងទ័ពកម្ពុជា ដើម្បីការពារទឹកដី ឱ្យបានជាដាច់ខាត៕

អត្ថបទដែលជាប់ទាក់ទង