ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាសប្តាហ៍ទី១៦ផ្លូវថ្មើរជើងចតុមុខមានភ្ញៀវជាតិនិងបរទេសមកទស្សនានិងដើរលេងកំសាន្តយ៉ាងច្រើនកុះករដោយមានល្ខោនខោល ,ល្ខោនបាសាក់

41

ភ្នំពេញ៖ផ្លូវថ្មើរជើងចតុមុខនាសប្តាហ៍ទី១៦កន្លងទៅគឺនៅថ្ងៃទី៣១ ខែឧសភា និងទី០១ ខែមិថុនានេះមានការសម្តែងទស្សនីយភាពសិល្បៈ ល្ខោនខោល និងល្ខោនបាសាក់ ដោយមានបងប្អូនប្រជាពលរដ្ឋខ្មែរ រួមទាំងជនជាតិបរទេសបានមកទស្សនានិងដើរលេងកំសាន្តយ៉ាងច្រើនកុះករ មិនខុសពីសប្តាហ៍កន្លងទៅឡើយ។
លោកស្រីដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា៖ សំរាប់សប្តាហ៍នេះ (នាថ្ងៃទី៣១ ខែឧសភា និងទី០១ ខែមិថុនា)នៅលើផ្លូវថ្មើរជើងចតុមុខ(Walk Street) បានលើកយកនូវផ្ទាំងទស្សនីយភាពសិល្បៈពីរ ដើម្បីសម្ដែងជូនភ្ញៀវជាតិ អន្តរជាតិ និងពុក ម៉ែ បងប្អូន ទាំងអស់គ្នាបានទស្សនា នាផ្លូវថ្មើរជើងចតុមុខ( Walk Street ) ទី១/ ទស្សនីយភាពសិល្បៈ ល្ខោនខោល, ទី២/ ទស្សនីយភាពសិល្បៈ ល្ខោនបាសាក់”។
ផ្លូវថ្មើរជើងចតុមុខ (Walk Street) គ្រោងនឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រោយពីផ្លូវថ្មើរជើងនេះបានបើកឱ្យដំណើរការជាបណ្តោះអាសន្នអស់ជាង៤ខែ ហើយទទួលបានការគាំទ្រនិងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ដោយពួកគេមកដើរលែងកំសាន្តយ៉ាងកុះករ ក្នុងទឹកមុខសប្បាយរីករាយ ជាមួយនឹងចំណី
អាហារ ត្រូវបានរៀបចំកាន់តែសម្បូរបែបពីមួយសប្តាហ៍ទៅមួយសប្តាហ៍។
បច្ចុប្បន្នផ្លូវថ្មើរជើងចតុមុខ(Walk Street) គឺជាទីដ៏ពេញនិយមរបស់ប្រជាជនខ្មែរ រួមទាំងជនជាតិបរទេស។ ពីមួយសប្តាហ៍ ទៅមួយសប្តាហ៍មានអ្នកទៅលេងកម្សាន្តរាប់ពាន់នាក់ ព្រមទាំងមានការបង្ហាញពីវប្បធម៌ខ្មែរជាច្រើនរួមទាំងការកម្សាន្ត និងម្ហូបអាហារចម្រុះ ជាពិសេស នំបញ្ចុកខ្មែរ ជាអាហារដ៏ពេញនិយមនៅទីនោះ ដោយមានរាប់សិបបន្លែង៕

អត្ថបទដែលជាប់ទាក់ទង