ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាមន្ត្រី គុយ សុផល ប្រគល់ព្រះរាជទ្រព្យ ដែលជាព្រះរាជូបត្ថម្ភព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ជូនលោក សេង ទៀង ដើម្បីឧបត្ថម្ភដល់កងទ័ពជួរមុខដែលឈរជើងតាមតំបន់ព្រំដែន

49


ភ្នំពេញ៖យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងទ្វេ បានរៀបចំពិធីប្រគល់ព្រះរាជូបត្ថម្ភដ៍ថ្លៃថ្លារបស់ព្រះករុណាព្រះមហាក្សត្រ ចំនួន ១០ពាន់ដុល្លារសហរដ្ឋអាម៉េរិក និងព្រះរាជទ្រព្យចំនួន ១០ពាន់ដុល្លារសហរដ្ឋអាម៉េរិក ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលទទួលដោយលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។
ព្រះរាជទ្រព្យដ៏ឧត្តុងឧត្តមរបស់ព្រះអង្គទាំងទ្វេនាឱកាសនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ដល់កងកម្លាំងកម្ពុជាទាំងអស់ ដែលបាននិងកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមតំបន់ព្រំដែន ដើម្បីបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារសុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ឲ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
ក្នុងឱកាសនេះ សម្តេចមហាមន្ត្រី គុយ សុផល ក៏បានប្រគល់ជូននូវថវិកាចំនួន ១០លានរៀល ដែលជាសណ្តានចិត្តដ៏ជ្រះថ្លារបស់សម្តេចមហាមន្ត្រី គុយ សុផល និងមន្ត្រីរាជការនៃក្រសួងព្រះបរមរាជវាំង ដើម្បីចូលរួមចំណែកបង្ហាញអំពីភាពរួបរួមគ្នាជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជាផងដែរ។
សម្តេចមហាមន្ត្រី ព្រះរាជតំណាង បានជម្រាបជូនថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជហឬទ័យមេត្តាករុណាសណ្តោសប្រោសប្រណីដ៏ខ្ពង់ខ្ពស់ជានិច្ច ចំពោះសុខទុក្ខ និងការលំបាកខ្វះខាត ក្នុងជីវភាពរស់នៅរបស់កូនចៅ ចៅទួតរបស់ព្រះអង្គ ដែលជាកងកម្លាំងជួរមុខដ៏មានសារៈសំខាន់នៅតាមតំបន់ព្រំដែនរបស់កម្ពុជា ក្នុងការបំពេញបេសកកម្មដ៏ឧត្តុងឧត្តម ជូនជាតិមាតុភូមិ។
លោក សេង ទៀង ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានសេចក្តីរំភើបរីករាយដោយឥតឧបមា និងសូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះព្រះមហាករុណាទិគុណដ៏ធ្ងន់បំផុត នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ថ្លៃថ្លានេះ គឺបានបង្ហាញឲ្យឃើញពីព្រះរាជហឬទ័យមេត្តាករុណាសណ្តោសប្រោសប្រណីដ៏មហាប្រសើរខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទានគាំទ្រចំពោះការខិតខំរបស់រាជរដ្ឋាភិបាល សម្រាប់ជួយជ្រោមជ្រែងធ្វើយ៉ាងណាពង្រឹងខឿនការពារជាតិប្រជាជន សំដៅរួមគ្នា ទប់ស្កាត់រាល់ការឈ្លានពានពីបរទេស និងដោះស្រាយបញ្ចប់បញ្ហាជម្លោះព្រំដែនតាមនីតិវិធី និងគោលការណ៍ច្បាប់ ដែលជាចំណាត់ការ ប្រកបដោយការគិតគូរវែងឆ្ងាយ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីសម្រេចបាននូវសន្តិភាពរវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង