ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកសំ លាងទ្រី៖ ផ្លូវក្រវាត់ព្រំដែនកម្ពុជា ថៃ ឡាវ និងផ្លូវជាតិ ផ្លូវទីរួម ខេត្តព្រះវិហារត្រូវបានថែទាំជាប្រចាំ ដើម្បីសម្រួលការធ្វើចរាចរណ៍ជូនពលរដ្ឋ

55

ព្រះវិហារ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នាសប្តាហ៍កន្លងមកនេះ បានធ្វើសកម្មភាពជួសជុល និងថែទាំឡេីងវិញ នៅកំណាត់ផ្លូវជាតិមួយចំនួន ពិសេសផ្លូវជាតិដែលជាខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ឡាវ ដោយកៀរសម្រួល ជួសជុល ដើម្បីឱ្យពុកម៉ែ បងប្អូន ប្រជាពលរដ្ឋអាចធ្វើចរាចរណ៍បានស្រួល ក្នុងការដឹកជញ្ជូនកសិផលផ្សេងៗ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា ៖ ផ្លូវជាតិដែលជាខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ឡាវ ដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងធ្វើការកៀរសម្រួលជួសជុល និងថែទាំឡេីងវិញ នេះមានចំនួន២ខ្សែ នោះគឺផ្លូវជាតិលេខ៩២និងផ្លូវជាតិលេខ៩៤ ដោយចាក់គ្រួសក្រហម ចាក់កំទេចថ្មចូល កៀលសម្រួលនិងកិនបង្ហាប់ ធ្វើយ៉ាងណាឱ្យ១០ថ្ងៃខាងមុខនេះ អាចឱ្យពុកម៉ែ បងប្អូន ប្រជាពលរដ្ឋធ្វើចរាចរណ៍បានស្រួល ក្នុងការដឹកជញ្ជូនកសិផលផ្សេងៗ។ អ្វីដែលភាពអសកម្មនោះគឺ ក្នុងរយៈពេលប្រមាណ១សប្តាហ៍កន្លងមកនេះ ភ្លៀងបានធ្លាក់ជាប្រចាំ ដែលមិនអាចឱ្យក្រុមការងារអនុវត្តការងារបានស្រួល។ ក្រោយពីការរាំងភ្លៀងភ្លាមក្រុមការងាររបស់យើងបានសម្រុកធ្វើការងារតែម្តង ទាំងផ្លូវជាតិលេខ៩២និងផ្លូវជាតិលេខ៩៤ ហើយចំពោះផ្លូវជាតិ ដែលចាក់កៅស៊ូ យើងក៏បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការលុបសំបុកមាន់ ជាមួយនិងការកាត់រុក្ខជាតិតាមផងផ្លូវនិងកែចិញ្ចើមផ្លូវជាដើម។ចំពោះផ្លូវខេត្តយើងក៏បាននិងកំពុងជួលជុលនិងធ្វើប្រព័ន្ធលូផងដែរ។
លោក សំ លាងទ្រី ក៏បានធ្វើការអំពាវនាវឱ្យ បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសច្បាប់ផ្លូវថ្នល់ សូមកុំនាំគ្នា ចាក់ដីលុបប្រឡាយទឹក ចាក់ដីលុបលូ ដាក់ដីខ្ពស់ជាងថ្នល់និងសូមកុំដឹកជញ្ជូនឱ្យលើសទម្ងន់កំណត់ដែលច្បាប់បានកំណត់ រួមទាំងការដឹកសំពីសំពោងផងដែរនិងម្យ៉ាងទៀត សូមកុំសាងសង់សំណង់រំលោភចំណីផ្លូវផងដែរ៕

អត្ថបទដែលជាប់ទាក់ទង