កម្ពុជាទទួលជើងហោះហើរលើកដំបូង តភ្ជាប់រវាងសៀមរាប-ឌូបៃ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates
សៀមរាប៖ ដូចតាមការគ្រោងទុក នៅយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ ជើងហោះហើរលើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិ ធំជាងគេលើពិភពលោក Emirates ចុះចតប្រកបដោយសុវត្ថិភាព នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីចាប់ផ្តើមបើកប្រតិបត្តិការហោះហើរ តភ្ជាប់ជើងហោះហើររវាងទីក្រុងឌូបៃ ប្រទេសអេមីរ៉េតអារ៉ាប់រួម មកកាន់ទីក្រុងសៀមរាប របស់កម្ពុជា។
ពិធីទទួលជើងហោះហើរជាលើកដំបូងនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល និងមានការចូលរួមពីមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ព្រមទាំងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ផងដែរ។
ការបន្ថែមជើងហោះហើររបស់ Emirates មកកាន់កម្ពុជានឹងជួយពង្រឹងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែលត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអេមីរ៉េត អារ៉ាប់រួម។
តាមរយៈប្រតិបត្តិការហោះហើរមកកាន់ខេត្តសៀមរាប Emirates បង្ហាញក្តីរំពឹងថានឹងនាំភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើន ពីបណ្តាញសកលរបស់ខ្លួន បើកឱកាសកាន់តែច្រើនសម្រាប់ពាណិជ្ជកម្ម ផ្តល់ការតភ្ជាប់កាន់តែប្រសើរឡើង សម្រាប់អ្នកធ្វើដំណើរមកពីកម្ពុជា ទៅកាន់ទីក្រុងឌូបៃ និងកន្លែងផ្សេងទៀត។
សេវាកម្មជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៍ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលដំណើរការនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍ តភ្ជាប់ទីក្រុងសៀមរាប ទៅកាន់ទីក្រុងឌូបៃ តាមរយៈទីក្រុងបាងកក។
ផ្លូវហោះហើរថ្មីរបស់ Emirates ធ្វើដំណើរការជាមួយយន្តហោះដែលមានប្រភេទកៅអីចំនួនពីរថ្នាក់ Boeing 777-300ER ដែលផ្តល់កៅអីអង្គុយចំនួន៣៥ នៅក្នុងថ្នាក់ Business និង ៣៨៦ កៅអីធំទូលាយនៅក្នុងថ្នាក់ Economy Class។
សេវាកម្មរបស់ Emirates ទៅកាន់ខេត្តសៀមរាប គឺត្រូវបានកំណត់ពេលវេលាដ៏ល្អប្រសើរក្នុងការផ្តល់ជូនអ្នកធ្វើដំណើរ តាមរយៈការតជើងហោះហើរប្រចាំថ្ងៃសម្រាប់ដំណើរកម្សាន្តទៅកាន់ប្រទេសបារាំង ចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ ព័រទុយហ្គាល់ និងរុស្ស៊ី។
អ្នកធ្វើដំណើរ នឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងភាពរួសរាយរាក់ទាក់ពីបុគ្គលិករបស់ក្រុមហ៊ុន Emirates អមដោយអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈម៉ាកយីហោប្រ៊េនជាច្រើនមុខ ផ្តល់ជូននៅគ្រប់ថ្នាក់កាប៊ីនទាំងអស់។
ប្រព័ន្ធកម្សាន្តលើយន្តហោះដែលបានឈ្នះពានរង្វាន់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងធ្វើឱ្យដំណើរកម្សាន្តនីមួយៗកាន់តែសប្បាយរីករាយ តាមរយៈបណ្ណាល័យដ៏ទូលំទូលាយផ្តល់ជូនប៉ុស្តិ៍កម្សាន្តជាង ៦,៥០០ ប៉ុស្តិ៍ ដែលមានភាពយន្តអន្តរជាតិ កម្មវិធីទូរទស្សន៍ តន្ត្រី ផតខាស់ និងហ្គេមជាង ៤០ ភាសា រួមទាំងភាសាចិនកុកងឺ កុងតឺន និងភាសាខ្មែរ៕