សម្តេចតេជោ ហ៊ុន សែន នឹងចំណាយថវិកាផ្ទាល់ខ្លួន ១០លានដុល្លារ សង់កន្លែងស្នាក់នៅសម្រាប់និស្សិតជាស្ត្រីមកសិក្សាក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាស ចំណាយថវិកាផ្ទាល់ខ្លួន និងគ្រួសាររង្វង់ប្រមាណ១០លានដុល្លារ ដើម្បី សាង សង់កន្លែងស្នាក់នៅ (អន្តេវាសិកដ្ឋាន) ជូនដល់និស្សិតជាស្ត្រីដែល ឡើង មកសិក្សានៅរាជធានីភ្នំពេញ។
គម្រោងនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសក្នុងជំនួប ជាមួយ ប្រតិ ភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកស្រីបណ្ឌិត អុឹង កន្ថាផាវី នាព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ។
ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្តេច តេជោ ហ៊ុន សែន បានមើលឃើញពីការលំបាករបស់និស្សិតជាស្ត្រី ពេលមករៀនសូត្រនៅរាជធានីភ្នំពេញ ជួបការលំបាកសម្រាប់ការ ស្នាក់ នៅ។
សម្តេចតេជោ បានបញ្ជាក់ថា ពេលនៅជានាយករដ្ឋមន្ត្រី ពេលសម្តេច ចុះ ទៅតាមខេត្តសម្តេចតែងគិតគូរពីការសាងសង់កន្លែងស្នាក់នៅសម្រាប់គ្រូ និងសិស្ស ប៉ុន្តែនៅរាជធានីភ្នំពេញមិនទាន់មានការសាងសង់នៅឡើយ ទេ។
បើតាមសម្តេចតេជោ កន្លែងស្នាក់នៅសម្រាប់និស្សិតជាស្ត្រីនេះ គ្រោងសាងសង់លើផ្ទៃដីទំហំប្រមាណ២ហិកតា ដោយចំណាយថវិកាប្រមាណជា ១០លានដុល្លារ។ សម្តេចតេជោ បានបញ្ជាក់ថា ថវិកានេះ មិនប្រើថវិកាជាតិនោះឡើយ គឺប្រើថវិកាសម្តេច និងក្រុមគ្រួសារ ដើម្បីបន្សល់ជាមរតកជូនដល់និស្សិតជាស្ត្រី។
សម្តេចតេជោ បានបញ្ជាក់បន្ថែមនៅលើបណ្តាញសង្គថា ស្ថានីយទូរ ទស្សន៍ បាយ័ននៅជ្រោយចង្វារប្រគល់ជូនទៅក្រសួងកិច្ចការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋាន។
អន្តេវេសិកដ្ឋាននេះ សាងសង់សម្រាប់និស្សិតស្រ្តីស្នាក់ចំនួន ៥០០នាក់ ដោយក្នុង ១បន្ទប់ស្នាក់នៅ ៤នាក់ ដោយមានបន្ទប់ទឹក និងចង្ក្រាន បាយ ផងដែរ។ ដូច្នេះត្រូវកសាងចំនួន ១២០បន្ទប់។
បន្ថែមពីលើនោះ នឹងមានការកសាងប៉ុស្តិ៍សុខភាពនៅជាន់ផ្ទាល់ដី ដែលមានបន្ទប់សម្រាប់ពិនិត្យជំងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការ
ផងដែរ។
សម្តេចតេជោ បានបញ្ជាក់ផងដែរថា នៅពេលកសាងរួចរាល់ សម្តេចនឹង ប្រគល់ ជូនក្រសួងកិច្ចការនារី គ្រប់គ្រង និងចាត់ចែងក្នុងការ ទទួល និស្សិត ជាស្ត្រីដែលខ្វះកន្លែងស្នាក់នៅពេលមករៀននៅរាជធានីភ្នំពេញ។
សម្តេចតេជោ សង្ឃឹមថា អន្តេវាសិកដ្ឋាននេះនឹងជួយកាត់បន្ថយការលំបាក របស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគកសាងសមត្ថភាព របស់ស្រ្តី និងការចូលរួមរបស់ស្រ្តីក្នុងការកសាងប្រទេសជាតិ៕