ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រ កោតសរសើរការដឹកនាំដ៏ប៉ិនប្រសប់ឈ្លាសវៃ និងដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្ស រីកចម្រើនរហូតទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ

51


ភ្នំពេញ៖ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលកោតសរសើរការដឹកនាំដ៏ប៉ិនប្រសប់ឈ្លាសវៃ និងដ៏ឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខ ដឹកនាំព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្ស រីកចម្រើនរហូតទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ។
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលដូចនេះ ក្នុងឱកាសដែលព្រះអង្គយាងជាព្រះរាជអធិបតីបើកព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ។
មានព្រះរាជបន្ទូលនាឱកាសនោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បញ្ជាក់ថា មាតុភូមិកម្ពុជានៃយើង គឺជាទឹកដីដ៏ស្រស់បំព្រងពោរពេញដោយសម្បត្តិធម្មជាតិ ដែលជាកេរដំណែលពីបុព្វបុរសបានថែរក្សាទុកសម្រាប់យើងទាំងអស់គ្នា។ ពីជួរភ្នំដ៏ខ្ពស់ត្រដែត ព្រៃឈើដ៏ខៀវស្រងាត់ ទន្លេមេគង្គ បឹងទន្លេសាបដ៏សម្បូរបែប រហូតដល់តំបន់ឆ្នេរដ៏ស្រស់ស្អាត និងប្រជុំកោះតូច ធំ។ សម្បត្តិធម្មជាតិទាំងអស់នេះហើយគឺជាសរសៃឈាមនៃជីវិត និងជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់យើង។ ភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ គឺជាឫសគល់នៃវប្បធម៌ ប្រពៃណី និងជំនឿរបស់ ប្រជាជនខ្មែរយើងតាំងពីបុរាណកាល ។
ការរស់នៅដោយការគោរពធម្មជាតិ មិនបំផ្លាញធម្មជាតិ និងចេះប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលយើងត្រូវបន្តថែរក្សា ការពារ និងពង្រឹងឱ្យបានខ្ជាប់ខ្ជួនសម្រាប់បន្តដល់កូនចៅជំនាន់ក្រោយ។ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានផ្តួចផ្តើមរៀបចំបង្កើតតំបន់ការពារធម្មជាតិនានា ទុកជាកេរមរតក និង លើកទឹកចិត្តកូនចៅជាទីស្រឡាញ់របស់ព្រះអង្គ ចូលរួមថែរក្សា ការពារ អភិរក្សធនធានធម្មជាតិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ព្រះករុណា ព្រះមហាក្សត្រនៃយើង មានព្រះរាជបន្ទូលបញ្ជាក់ទៀតថា «ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ឈ្លាសវៃ និងដ៏ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្ស រីកចម្រើនរហូតទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ»។
ជាក់ស្តែងរាជរដ្ឋាភិបាលទទួល បានឥណទានកាបោនពីគម្រោងរេដបូកដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា ដែលបានធ្វើឱ្យប្រទេសកម្ពុជាយើងសម្បូរធនធាន និងមានលទ្ធភាពត្រៀមខ្លួនរួចជាស្រេចដើម្បីបន្សំនឹងផលប៉ះពាល់ ក៏ដូចជា ចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ។
ការរៀបចំព្រឹត្តិការណ៍ទិវាបរិស្ថានជាតិ ស្របពេលជាមួយនឹងទិវាបរិស្ថានពិភពលោក ៥ មិថុនា នាថ្ងៃនេះ គឺជាការជួបជុំគ្នាដើម្បីបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថាន ដែលរៀបចំឡើង ដោយរាជរដ្ឋាភិបាលកម្ពុជា។ ព្រះអង្គក៏បានសម្តែងនូវព្រះហឫទ័យរីករាយជាអនេក និងអរព្រះគុណចំពោះវត្តមានរបស់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំជាតិ និងបងប្អូនកូនក្មួយជន រួមជាតិទាំងអស់ ដែលបានចូលរួមចំណែកគាំពារបរិស្ថាន ការអភិរក្ស ធនធានធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង