សេចក្តីណែនាំស្តីពី ការចាត់តាំងអនុវត្តទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក Beat Plastic Pollution™» ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ អនុលោមតាមអនុក្រឹត្យលេខ ១៥អនក្រ.បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការកំណត់យក ថ្ងៃទី០៥ ខែមិថុនា ជាឱកាសរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើកកម្ពស់សុខភាពសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ បង្កើនការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន លើកកម្ពស់ ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនឱ្យបានត្រឹមត្រូវដោយធ្វើការវេចខ្ចប់ និងញែកសំរាម សំណល់រឹង ដែល អាចប្រើប្រាស់ឡើងវិញ ឬកែច្នៃបានដោយឡែកពីសំណល់រឹងដែលត្រូវបោះចោល រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់គ្រប់រដ្ឋបាលខណ្ឌ សង្កាត់ គ្រឹះស្ថានសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល ដៃគូ អភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ដែលរស់នៅក្នុងភូមិសាស្រ្តរាជធានី ភ្នំពេញ សូមចូលរួមអនុវត្ត ដូចខាងក្រោម៖
១.សូមធ្វើការផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋ ជំរុញការចូលរួមក្នុងការធ្វើអនាម័យ ការដាំដើមឈើ និងការ គ្រប់គ្រង ទុកដាក់ និងវេចខ្ចប់ សំណល់រឹង សំរាម ក្នុងធុងសំរាម ឬនៅតាមទីតាំងកំណត់ឱ្យបានត្រឹមត្រូវ ជៀសវាងការដុត ឬបោះចោល មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដែលអាចបង្កការប៉ះពាល់ដល់ សុខភាពមនុស្ស សត្វ និងគុណភាពបរិស្ថាន
២.សូមចូលរួមធ្វើការផ្សព្វផ្សាយតាមរយៈសកម្មភាពអប់រំផ្សេងៗ មានជាអាទិ៍ ការនិពន្ធអត្ថបទ ការប្រកួត ផ្ទាំងរូបភាពនៅតាមសាលារៀន ការដាំដើមឈើ ការកែច្នៃសំណល់នានា យុទ្ធនាការសម្អាត។ល។ និងចាត់ចែងធ្វើអនាម័យ ទាំងក្នុង និងក្រៅបរិវេណអង្គភាពរបស់ខ្លួនដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវស្របតាមគោលការណ៍ 4Rs (បដិសេធមិនប្រើប្រាស់ កាត់បន្ថយការបង្កើត ការប្រើប្រាស់ឡើងវិញ និងការកែច្នៃ) សំដៅធានាបានសង្គមបៃតង និងបរិស្ថានចីរភាព
៣.សូមយកយកចិត្តទុកដាក់លើការគ្រប់គ្រងសំណល់រឹង សំរាម និងសំណល់រាវឱ្យបានត្រឹមត្រូវ ចូលរួម ធ្វើអនាម័យ សន្សំសំចៃថាមពល និងការពារថែរក្សាជីវៈចម្រុះ និងធនធានធម្មជាតិ តាមរមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត ភោជនីយដ្ឋាន និងអាហារដ្ឋាន
៤.គ្រប់បណ្តាប្រព័ន្ធផ្សព្វផ្សាយ ត្រូវចូលរួមផ្សព្វផ្សាយអំពីគុណតម្លៃបរិស្ថាន និងគោលនយោបាយ សំខាន់ៗ ពាក់ព័ន្ធនឹងវិស័យបរិស្ថានដល់សាធារណជន ដើម្បីបង្កើនការយល់ដឹង និងបំផុសការចូលរួម របស់សាធារណជន ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និង ការអភិវឌ្ឍដោយចីរភាព
៥.មន្ទីរបរិស្ថានរាជធានីភ្នំពេញ ត្រូវសហការជាមួយទីចាត់ការគ្រប់គ្រងសំណល់ និងបរិស្ថាន រៀបចំប្រារព្ធ ទិវាអនាម័យបរិស្ថានជាតិ នៅទីតាំងសមស្របណាមួយក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ, ប្រមូល និងបូក សរុបរបាយការណ៍លទ្ធផលអនុវត្តរបស់រដ្ឋបាលខណ្ឌទាំង១៤ មករដ្ឋបាលរាជធានីភ្នំពេញ។
ទទួលបានសេចក្តីណែនាំនេះ គ្រប់រដ្ឋបាលខណ្ឌ សង្កាត់ គ្រឹះស្ថានសាធារណៈ វិស័យឯកជន អង្គការ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ដែលរស់នៅក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវចាត់តាំងអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់៕