ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ៉ីស្រាអែល បើកការវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់, អគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារ

86

ហ្ស៊េរុយសាឡិម៖រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz នៅថ្ងៃសុក្រ ទី១៣ ខែមិថុនានេះបានទទួលស្គាល់ថាអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថាអ៉ីស្រាអែលអាចវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Israel Katz បានគូសបញ្ជាក់ដូច្នេះថា «បន្ទាប់ពីអ៉ីស្រាអែលវាយប្រហារបង្ការទុកមុនប្រឆាំងអ៉ីរ៉ង់ ការវាយប្រហារដោយមីស៊ីល និងដ្រូនប្រឆាំងនឹងអ៉ីស្រាអែល និងប្រជាជនស៊ីវិលរបស់ អ៉ីស្រាអែលត្រូវបានរំពឹងថាអាចនឹងកើតឡើងក្នុងពេលភ្លាមៗ ហើយអ៉ីស្រាអែលត្រូវបានដាក់គ្រាមានអាសន្ន»។ មន្ត្រីអ៉ីស្រាអែលម្នាក់បានឱ្យដឹងថាអ៉ីស្រាអែលបានបើកការវាយប្រហារលើ ទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៉ីរ៉ង់រាប់សិបកន្លែង ខណៈប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់បានរាយការណ៍ពីការផ្ទុះជាបន្តបន្ទាប់ក្នុងរដ្ឋធានីតេហេរ៉ង់ និងប្រព័ន្ធការពារដែនអាកាសត្រូវបានដាក់ឱ្យ ធ្វើប្រតិបត្តិការពេញលេញ១០០ភាគរយ។

ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ជាច្រើនបានរាយការណ៍ថា លោកឧត្តមសេនីយ៍ Hossein Salami ដែលជាអគ្គមេបញ្ជាការកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសរបស់អ៉ីស្រាអែល នៅថ្ងៃសុក្រ ទី១៣ ខែមិថុនានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Tasnim បានរាយការណ៍ដូច្នេះថា «ឧត្តមសេនីយ៍លោក Hossein Salami ដែលជាប្រមុខកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានពលីនៅក្នុងការវាយប្រហាររបស់អ៉ីស្រាអែល លើទីស្នាក់ការកណ្ដាលរបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់»។ ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Mehr ក៏បានរាយការណ៍ដូចគ្នានេះដែរ៕

អត្ថបទដែលជាប់ទាក់ទង