មូលធនមនុស្ស គឺមិនមែនមានតែស្មារតី និងសមត្ថភាពនោះទេ ប៉ុន្តែត្រូវមានសីលធម៌ គុណធម៌ ហើយមូលធនមនុស្ស គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងឯករាជ្យម្ចាស់ការ និងការអភិវឌ្ឍប្រទេស
ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធជាតិកម្ពុជា នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ថា៖ មូលធនមនុស្ស គឺមិនមែនមានតែស្មារតី និងសមត្ថភាពនោះទេ ប៉ុន្តែត្រូវមានសីលធម៌ គុណធម៌ ហើយមូលធនមនុស្ស គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងឯករាជ្យម្ចាស់ការ និងការអភិវឌ្ឍប្រទេស។ ក្រោយសង្គ្រាមបានបញ្ចប់, កម្ពុជាបានខិតខំកសាងធនធានមនុស្ស, សេដ្ឋកិច្ច និងហេដ្ឋារចនា សម្ព័ន្ធ ដែលពីមុនយើងពឹងគេទាំងស្រុង តែបច្ចុប្បន្នយើងអាចធានាបាន និង ម្ចាស់ការដោយខ្លួនឯង ដែលនេះជាការធានាឯករាជ្យជាតិកម្ពុជារបស់យើង ហើយគោលដៅធំរបស់យើង គឺការទទួលខុសត្រូវចំពោះបូរណភាពទឹកដី, ការទទួលខុសចំពោះ ប្រជាជនកម្ពុជា និងការទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថា កម្ពុជា បានរក្សាការអត់ធ្មត់ខ្ពស់ ហើយកម្ពុជាចង់ដោះស្រាយបញ្ហា ដោះសន្តិវិធី និងសន្តិភាព។ កម្ពុជា ជ្រើសយកច្បាប់អន្តរជាតិ ដោយនាំយកតំបន់ដែលកំពុងតានតឹងទាំង ៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយឱ្យដាច់ស្រេច, ដើម្បីជៀសវាងមានបញ្ហានាពេលអនាគតបន្តទៀត បើមិនដូច្នោះទេ តំបន់ទាំង៤នេះ នៅតែបន្តមានបញ្ហាមិនចេះចប់ ជាបន្តទៀត។ ពាក់ព័ន្ធនឹងការបើកព្រំដែនវិញ គឺភាគីដែលបិទជាឯកតោភាគីត្រូវបើកវិញដោយខ្លួនឯង ហើយកម្ពុជានឹងបើកតាមក្រោយ ។ កម្ពុជានឹងខិតខំឱ្យអស់លទ្ធភាព ដើម្បីប្តូរផ្តាច់ការពារបូរណភាពទឹកដី, ការពារអធិបតេយ្យ, ការពារផលប្រយោជន៍ជាតិ និងប្រជាជនរបស់យើងឱ្យបានជាដាច់ខាត នេះគឺជាការប្តេជ្ញារបស់យើង។ ជាមួយគ្នានេះ សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមគាំទ្រដល់កងទ័ព និងរាជរដ្ឋាភិបាល ដែលនេះ ជាការបង្ហាញនូវស្មារតីសាមគ្គីជាតិដ៏សំខាន់ ។
ចុងបញ្ចាប់ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន័មួយចំនួន ដូចខាងក្រោម៖ ទី១. គណៈអភិបាលរាជធានី, ខេត្ត, ក្រុង, ស្រុក, ខណ្ឌត្រូវបង្កើនការយកចិត្តទុកដាក់ជំរុញចលនាកាយរឹទិ្ធគ្រប់លំដាប់ថ្នាក់ នៅគ្រឹះស្ថានសិក្សាតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានកាន់តែច្រើន ដើម្បីកសាងសមាជិកកាយរឹទិ្ធនៅមូលដ្ឋានរៀងៗខ្លួនបានរឹងមាំ។ ទី២. កាយរឹទ្ធិជាតិកម្ពុជាត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រសួង-ស្ថាប័ន, អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ និង គ្រប់បណ្តាអង្គការកាយរឹទ្ធិជាតិនានា, ទាំងថ្នាក់តំបន់ និង ពិភពលោក, សំដៅបង្កើនប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្ររបស់កាយរឹទ្ធិជាតិកម្ពុជា, និង អភិវឌ្ឍសមត្ថភាពដឹកនាំកាយរឹទិ្ធគ្រប់លំដាប់ថ្នាក់ឱ្យស្របតាមកម្រិតបទដ្ឋានក្នុងតំបន់ និងពិភពលោក ។ ទី៣. ត្រូវបន្តរៀបចំ និង ជួយពង្រឹងប្រសិទ្ធភាពដំណើរការរចនាសម្ព័ន្ធគ្រប់គ្រង និង សកម្មភាពការងាររបស់កាយរឹទិ្ធជាតិកម្ពុជា ថ្នាក់រាជធានី, ខេត្ត, ក្រុង, ស្រុក, ខណ្ឌ ឱ្យមានដំណើរការកាន់តែប្រសើរ ដើម្បីបន្តយកចិត្តទុកដាក់ប្រមូលផ្តុំ និង គ្រប់គ្រងកម្លាំងកាយរឹទិ្ធរបស់យើង។ ទី៤. គ្រប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និង ឯកជន ដែលពុំទាន់បានរៀបចំរចនាសម្ព័ន្ធកាយរឹទិ្ធ ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និង កាយរឹទិ្ធជាតិកម្ពុជា ដើម្បីរៀបចំការផ្សព្វផ្សាយអំពីការងារកាយរឹទិ្ធកម្មដល់ប្អូនៗនិសិ្សត ។ ទី៥. កាយរឹទិ្ធជាតិកម្ពុជា ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងរៀបចំកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពជំនាញកាយរឹទិ្ធកម្មដល់មេដឹកនាំកាយរឹទិ្ធនៅតាមគ្រឹះស្ថានសិក្សាឱ្យក្លាយទៅជាធនធានកាយរឹទិ្ធដ៏មានសក្តានុពល ។ ទី៦. កាយរឹទិ្ធជាតិកម្ពុជា ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបំផុស និង ផ្សព្វផ្សាយចលនាកាយរឹទិ្ធនៅគ្រប់លំដាប់ថ្នាក់ ដើម្បីកៀរគរធនធាន ក្នុងគោលដៅជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីអប់រំកាយរឹទិ្ធកម្ម និង សកម្មភាពរបស់កាយរឹទិ្ធជាតិកម្ពុជា ។ និង ទី៧. អំពាវនាវដល់សប្បុរសជន, ទាំងវិស័យឯកជន, អង្គការមិនមែនរដ្ឋាភិបាល, សូមបន្តចូលរួមឧបត្ថម្ភជាធនធាន និង មធ្យោបាយនានា ដើម្បីជំរុញការងារអប់រំកាយរឹទិ្ធកម្មនេះ ឱ្យកាន់តែរស់រវើក និង មានប្រសិទ្ធភាព ៕