នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn កំពុងប្រឈមនឹងការទាមទារឱ្យលាលែងពីតំណែង ក្រោយការបែកធ្លាយកិច្ចសន្ទនាជាមួយសម្ដេចតេជោ
វៀងចន្ទន៍៖នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងប្រឈមមុខនឹងសម្ពាធពីសាធារណៈជនថៃ ដែលទាមទារឱ្យលោកស្រីលាលែងចេញពីតំណែង បន្ទាប់ពីការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃពុធ ទី១៨ ខែមិថុនា ដែលបានក្លាយជាប្រធានដ៏បទក្តៅគគុក និងកំពុងបង្កជាព្យុះភ្លៀងនយោបាយនៅក្នុងប្រទេសថៃ នៅចំពោះមុខការសង្ស័យចំពោះវិធីសាស្រ្តដោះស្រាយបញ្ហាវិវាទព្រំដែនថៃ-កម្ពុជារបស់លោកស្រី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Laotian Times។
សំឡេងសន្ទនានេះ ដែលសម្តេចតេជោហ៊ុន សែន បញ្ជាក់ថាជាការពិត ត្រូវបានថតទុកអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទរយៈពេល១៧នាទី កាលពីថ្ងៃទី១៥ ខែមិថុនា។ សម្ដេចតេជោ បានឲ្យដឹងថា ការថតសំឡេងនេះធ្វើឡើងដើម្បីតម្លាភាព»។ សំឡេងនៃកិច្ចសន្ទនានេះត្រូវបានផ្ញើទៅឲ្យក្រុមមន្ត្រីជាន់ខ្ពស់របស់កម្ពុជាប្រហែល៨០នាក់ មុននឹងបែកធ្លាយជាសាធារណៈ តាមរយៈការបង្ហោះនៅលើ Facebook Page របស់សម្តេចតេជោ នៅពីថ្ងៃទី១៨ ខែមិថុនា។
ក្នុងសន្ទនានោះ លោកស្រី Paetongtarn ហាក់បានបង្ហាញជំហរចង់ផ្ដល់សម្បទាន ជាមួយការសម្ដែងពីឆន្ទៈអនុវត្តតាមសំណើរបស់សម្ដេច ដើម្បីបន្ធូរបន្ថយភាពតានតឹង ពាក់ព័ន្ធនឹងការបិទច្រកព្រំដែនថៃ-កម្ពុជា។ លោកស្រីក៏បានរិះគន់មេបញ្ជាការភូមិភាគ២ ឧត្តមសេនីយ៍ លោក Boonsin Padklang ផងដែរ ដោយនិយាយថាមេបញ្ជាការរូបនេះជាក្រុមបក្សប្រឆាំង និងចង់ធ្វើឱ្យគេមើលឃើញថាខ្លួនឡូយ។ ប៉ុន្តែ ក្រោយផ្ទុះការរិះគន់នៅក្នុងចំណោមប្រជាជនថៃ លោកស្រី Paetongtarn បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថាក្រុមប្រឆំាងដែលលោកស្រីចង់សំដៅ នោះគឺក្រុមបក្សប្រឆាំងនៅកម្ពុជាដែលរិះគន់រដ្ឋាភិបាលថៃ មិនមែនយោធាថៃនោះទេ។
ក្រោយការបែកធ្លាយកិច្ចសន្ទនាខាងលើ ពលរដ្ឋថៃជាច្រើនបានបង្ហោះលើ Facebook ដោយទាមទាមឲ្យលោកស្រី Paetongtarn លាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីថៃ។ «យោធាតែងតែត្រៀមខ្លួនជានិច្ច ដើម្បីការពារទឹកដីថៃ ចុះនាយករដ្ឋមន្ត្រីវិញ»? នេះជាការបង្ហោះរបស់អ្នកលេង Facebook ម្នាក់។ ព្រមពេលជាមួយគ្នា អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមម្នាក់ទៀត ក៏បានលើកឡើងដែរថា លោកស្រី មិនស័ក្តិសមដឹកនាំប្រទេសនោះទេ ហើយដើម្បីប្រយោជន៍ជាតិ លោកស្រីគួរតែលាលែងពីតំណែង។ «ខ្ញុំមិនដែលគាំទ្រយោធាទេ តែលើកនេះ ខ្ញុំឈរនៅខាងយោធា។ ការប្រឆាំងកងទ័ព ប្រៀបដូចជាការប្រឆាំងនឹងប្រជាជន»។ នេះជាសំណេរបស់អ្នកលេង Facebook ផ្សេងទៀត។ មិនតែប៉ុណ្ណោះ អ្នកលេងបណ្ដាញទំនាក់ទំនងសង្គមខ្លះថែមទាំងហៅលោកស្រីថាជនក្បត់ទៀតផង៕