រុស្ស៊ី ព្រមានអាមេរិក កុំឲ្យចូលអន្តរាគមន៍យោធាក្នុងសង្គ្រាម អ៊ីស្រាអែល-អ៊ីរ៉ង់
ក្រុងមូស្គូ៖ប្រទេសរុស្ស៊ី បានចេញសេចក្ដីព្រមានមួយទៅកាន់សហរដ្ឋអាមេរិក ប្រឆាំងនឹងការធ្វើអន្តរាគមន៍យោធាណាមួយនៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី និងចិន បានថ្កោលទោសរួមគ្នាចំពោះការវាយប្រហាររបស់អ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកសារព័ត៌មានថា «យើងចង់ព្រមានជាពិសេសដល់ទីក្រុងវ៉ាស៊ីនតោន ចំពោះការធ្វើអន្តរាគមន៍យោធាក្នុងស្ថានភាពនេះ»។ លោកស្រីបានបន្ថែមថា ទង្វើបែបនេះ «នឹងជាជំហានដ៏គ្រោះថ្នាក់បំផុត ជាមួយនឹងផលវិបាកអវិជ្ជមានដែលមិនអាចទាយទុកជាមុនបាន»។
កាលពី ថ្ងៃ ព្រហស្បតិ៍ បន្ទាប់ពី កិច្ច សន្ទនា តាម ទូរស័ព្ទ រុស្ស៊ី និង ចិន បាន បញ្ជាក់ជំហរ រួម គ្នា ដោយ «ថ្កោលទោស យ៉ាង ខ្លាំង ចំពោះ សកម្មភាព របស់ អ៊ីស្រាអែល»។ ជំនួយការ វិមាន ក្រឹមឡាំង លោក Yuri Ushakov បាន បញ្ជាក់ បន្ថែម ថា មេដឹកនាំ ទាំងពីរ ជឿជាក់ ថា ការ បញ្ចប់ អរិភាព «គួរតែ ត្រូវ បាន សម្រេច ដោយ មធ្យោបាយ នយោបាយ និង ការទូត តែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ការព្រមាននេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃពុធថា លោកកំពុងពិចារណាថាតើត្រូវចូលរួមក្នុងការវាយប្រហាររបស់អ៊ីស្រាអែលឬអត់ ដោយលោកបាននិយាយថា «ខ្ញុំអាចនឹងធ្វើវា ខ្ញុំអាចនឹងមិនធ្វើវា»។
ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានផ្ទុះឡើងកាលពីសប្តាហ៍មុន នៅពេលដែលអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមកលើអ៊ីរ៉ង់ ហើយទីក្រុងតេអេរ៉ង់បានឆ្លើយតបវិញដោយការបាញ់មីស៊ីល និងដ្រូន៕

