ល្ងាចថ្ងៃនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street)
ភ្នំពេញ៖ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) នឹងបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
ដើម្បីឱ្យពិធីបើកសម្ពោធខាងលើរក្សាបាន
សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយនិងបរិស្ថានល្អប្រសើរ និងសាកសមនឹងការផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិតដល់រដ្ឋបាលរាជធានីភ្នំពេញអញ្ជើញមកកាត់ខ្សែបូបើកដំណើរការផ្លូវថ្មើរជើងចតុមុខ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈរាជធានីភ្នំពេញនិងលោកជំទាវនាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥នេះបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរចុះពិនិត្យទីតាំងប្រារព្វពិធីនិងដើរពិនិត្យផ្លូវថ្មើរជើងចតុមុខនេះ ដោយចាប់ផ្តើមដើរថ្មើជើងចេញពីផ្សាររាត្រីរហូតដល់មុខព្រះបរមរាជវាំង។
ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញក៏ដូចជាអាជ្ញាធរខណ្ឌដូនពេញ បន្តចុះធ្វើកិច្ចការងារចុងក្រោយ ដើម្បីធានាថា រួចរាល់និងប្រកបដោយសោភណ្ឌភាពសណ្តាប់ធ្នាប់របៀបរៀបរយនិងបរិស្ថានល្អសើរ។
ដើម្បីអបអរសាទរព្រឹត្តិការណ៍សម្ពោធជាផ្លូវការនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំឱ្យមានការប្រគំតន្ត្រីរបស់ក្រុមហ៊ុនgalaxy ដែលមានតារាចម្រៀងល្បីៗដូចជា៖ លោក ខេមរៈ សេរីមន្ត លោក ខេម លោក ខាន់ ជេមស៍ អ្នកនាង ខាត់ សួស្តី និងតារាល្បីៗជាច្រើនទៀត។
គួររំលឹកថា៖ នាកិច្ចប្រជុំកន្លងមកថ្មីៗនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីបានរំលឹកហើយរំលឹកទៀតថា៖ សំរាប់ពិធីសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ នេះបញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាហើយរក្សាបានថាកម្មវិធីនេះប្រព្រឹទ្ធទៅប្រកបដោយជោគជ័យ។
សូមបញ្ជាក់ថា៖ផ្លូវថ្មើរជើងនេះនឹងត្រូវបិទចរាចរការធ្វើដំណើរឆ្លងកាត់ដោយរថយន្តនិងម៉ូតូតាំងពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២១មិថុនា។ តែសម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅផ្លូវថ្មើរជើងនេះអាចបន្តធ្វើដំណើរ ដើរលេងកំសាន្តដូចជារៀងរាល់សប្ដាហ៌គ្រាន់តែមានកន្លែងត្រួតពិនិត្យប៉ុណ្ណោះ៕















